ការនាំចេញ-នាំចូលរបស់ចិនជាមួយអាស៊ានមានលើសពី ១ទ្រីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ -- យោងតាមអគ្គនាយកដ្ឋានគយចិន បានឱ្យដឹងថា ការនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនជាមួយអាស៊ានមានលើសពី ១ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។
ក្រុមអ្នកជំនាញចិនបានប្រាប់សេវាកម្មសារព័ត៌មានចិនថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មចិន-អាស៊ាន ត្រូវបានជំរុញដោយសន្ទុះផ្ទៃក្នុងដ៏រឹងមាំ និងជំរុញវដ្តនៃកំណើនថ្មីមួយ។
លោក ហ៊ូ ជីយ៉ុង (Hu Zhiyong) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសៀងហៃ បាននិយាយថា បើទោះបីជាមានការជ្រៀតជ្រែកពីមហាអំណាចធំៗពីខាងក្រៅក៏ដោយ ក៏ការនាំចេញរបស់ប្រទេសចិនជាច្រើនទៅកាន់អាស៊ាន គឺមិនអាចជំនួសបានទេ។ ជាលទ្ធផល ពាណិជ្ជកម្មទ្វេភាគីត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។
ទន្ទឹមនឹងនេះដែរ លោក ឡី ស៊ាវហួ (Lei Xiaohua) អនុប្រធានវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្វាងស៊ី បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងការវិនិយោគរបស់ប្រទេសចិន នឹងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធ និងគុណភាពនៃការនាំចេញរបស់អាស៊ានទៅកាន់ប្រទេសចិន ព្រមទាំងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យមានតុល្យភាពជាងមុន។
ដោយមានទស្សនៈស្រដៀងគ្នានឹងលោក ហ៊ូ ដែរនោះ លោក ឡី បានព្យាករពណ៍ថា «សសរស្តម្ភថ្មី» ចំនួនបីនៃពាណិជ្ជកម្មចិន-អាស៊ាននាពេលអនាគតអាចនឹងលេចចេញមក ដែលរួមមានសេណារីយ៉ូកម្មវិធីបញ្ញាសិប្បនិម្មិត (AI) មនុស្សយន្តដែលមានរូបរាងជារូបវន្ត និងឱសថដ៏ទំនើប ដែលនឹងជំរុញកំណើនយ៉ាងច្រើននៃបរិមាណពាណិជ្ជកម្ម។
លោក ស៊ូ នីងនីង (Xu Ningning) ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏បានចង្អុលបង្ហាញផងដែរថា ការអនុវត្តយ៉ាងស៊ីជម្រៅនៃកតិកាសញ្ញានេះ បានផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ នឹងបង្កើតភាពសហការជាមួយកិច្ចព្រមព្រៀង RCEP ដែលជំរុញនូវការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៃទំនាក់ទំនង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





