រដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន៖ ទំនាក់ទំនងកៀហ្ស៊ីស៊ីស្ថាន-ចិន មានអនាគតយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- លោក ជីនប៊ែក គូលូបាអេវ (Jeenbek Kulubaev) រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន បានមានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានផ្លែផ្កា និងជោគជ័យសម្រាប់ទំនាក់ទំនងរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងចិន ហើយទំនាក់ទំនងទ្វេភាគីរបស់ពួកគេមានអនាគតយូរអង្វែង។
លោកបានធ្វើការកត់សម្គាល់បែបនេះ នៅពេលដែលឆ្លើយសំណួរលើកឡើងដោយអ្នកយកព័ត៌មានរបស់សារព័ត៌មាន Xinhua នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ក្រសួងការបរទេសសម្រាប់ឆ្នាំ២០២៥ ។
លោកបានមានប្រសាសន៍ថា ឆ្នាំកន្លងទៅ យើងបានឃើញទំនាក់ទំនងជាប់លាប់រវាងភាគីទាំងពីរ ដោយលោកបានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនដោយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov) ក៏ដូចជាកិច្ចប្រជុំរវាងប្រមុខរដ្ឋទាំងពីរក្នុងឱកាសផ្សេងៗ ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងពហុភាគី។
លោកបានកត់សម្គាល់ថា ប្រទេសអាស៊ីកណ្តាលតែងតែទទួលបានការគាំទ្រពីប្រទេសចិន។ លោកបានមានប្រសាសន៍ថា «យើងគិតថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានផ្លែផ្កា និងជោគជ័យសម្រាប់ទំនាក់ទំនងកៀហ្ស៊ីស៊ីស្ថាន-ចិន ដូច្នេះប្រសិនបើខ្ញុំផ្តល់ពិន្ទុលើ ១០ ខ្ញុំនឹងផ្តល់ពិន្ទុ ១១»។
រដ្ឋមន្ត្រីការបរទេសគៀហ្ស៊ីស៊ីស្ថានបានគូសបញ្ជាក់ពីរបៀបវារៈទ្វេភាគីដ៏មមាញឹកមួយនៅឆ្នាំ២០២៦ រួមទាំងកិច្ចប្រជុំច្រើនលើកច្រើនក្នុងទំនាក់ទំនងកម្រិតកំពូល ដែលជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា «ជារួម ខ្ញុំជឿជាក់ថាទំនាក់ទំនងគៀហ្ស៊ីស៊ីស្ថាន-ចិន មានអនាគតយូរអង្វែង ហើយជាការពិតណាស់ យើងប្តេជ្ញាចិត្តចំពោះទំនាក់ទំនងយ៉ាងសកម្មដើម្បីពង្រីកឱកាសរបស់យើងបន្ថែមទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





