លោក ស៊ី ជីនពីង អបអរសាទរប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលជាប់ឆ្នោតឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអបអរសាទរ លោក ហ្វូស្ទីន អាចេង ទូអាដេរ៉ា (Faustin-Archange Touadera) ចំពោះការបោះឆ្នោតជ្រើសរើសឡើងវិញរបស់លោកជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នៅក្នុងសាររបស់លោក លោក ស៊ី បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ។
លោកបានបន្ថែមថា ភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗរបស់ពួកគេ ព្រមទាំងបានជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាលំដាប់លើវិស័យផ្សេងៗ។
លោក ស៊ី បានមានប្រសាសន៍ថា លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-សាធារណរដ្ឋអាហ្វ្រិកកណ្តាល។
លោកបានសម្តែងការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយលោក ទូអាដេរ៉ា ដើម្បីអនុវត្តន៍យ៉ាងសកម្មនូវលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





