លោក ដូណាល់ ត្រាំ និយាយថា ប្រទេសដាណឺម៉ាកមិនអាចការពារកោះហ្រ្គីនលែនដ៍បានទេ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ប្រទេសដាណឺម៉ាកមិនអាចការពារកោះហ្គ្រីនលែនដ៍បានទេ ដោយបានបន្ថែមថាមន្ត្រីដាណឺម៉ាកមិនដែលទាំងទៅទស្សនកិច្ចនៅកោះនោះផង។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «យើងត្រូវតែធ្វើវា។ ពួកគេត្រូវតែធ្វើវា។ ពួកគេមិនអាចការពារវាបានទេ»។ ដូចដែលបានដកស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រស៍ លោកបានបន្ថែមថា មន្ត្រីដាណឺម៉ាក «[គឺជា] មនុស្សល្អណាស់ ប៉ុន្តែពួកគេមិនទៅទីនោះទេ»។
ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីលោក គូណូ ហ្វេនគ័រ (Kuno Fencker) សមាជិកសភានៃតំបន់ស្វយ័តនេះ បានប្រាប់សារព័ត៌មានស្ពុតនីក(Sputnik) ថា អាជ្ញាធរដាណឺម៉ាកមិនអាចធានាសន្តិសុខរបស់កោះហ្គ្រីនលែនដ៍បានទេ។
លោកបាននិយាយថា «វា [ការធានាសន្តិសុខរបស់កោះហ្គ្រីនលែនដ៍] មិនអាចទៅរួចទេសម្រាប់ប្រទេសដាណឺម៉ាកក្នុងការធ្វើវា។ គឺ ១០០%តែម្តង។ វាមិនអាចទៅរួចទេ»។
លោក ហ្វេនគ័រ បានសង្កត់ធ្ងន់ថា ថវិកាយោធា និងអំណាចយោធារបស់សហរដ្ឋអាមេរិក គឺធំជាងគេនៅក្នុងអង្គការណាតូ។
កោះហ្គ្រីនលែនដ៍ គឺជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក។ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថាកោះនេះគួរតែក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ អាជ្ញាធរដាណឺម៉ាក និងកោះហ្គ្រីនលែនដ៍ បានព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យរឹបអូសកោះនេះ ដោយបានកត់សម្គាល់ថា ពួកគេរំពឹងថា បូរណភាពទឹកដីរបស់ពួកគេនឹងត្រូវបានគោរព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





