យ៉ាងហោចណាស់មនុស្ស ៤០នាក់ស្លាប់នៅអេស្ប៉ាញ បន្ទាប់ពីរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្ស៤០នាក់បានស្លាប់នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយបានធ្លាក់ចេញពីផ្លូវ ហើយបានបុកជាមួយរថភ្លើងមួយទៀតដែលកំពុងមកដល់កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតមួយនៅអឺរ៉ុបក្នុងរយៈពេល ៨០ឆ្នាំកន្លងមកនេះ។
យោងតាមសេវាសង្គ្រោះបន្ទាន់ បានឱ្យដឹងថា មនុស្សចំនួន ១២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបគ្រោះថ្នាក់នេះនៅជិតទីក្រុងអាដាមូស ក្នុងខេត្តកូដូបា ដែលមានចម្ងាយប្រហែល ៣៦០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងម៉ាឌ្រីដ។ ក្រុមអ្នកជំនាញបាននិយាយថា ចំណុចតភ្ជាប់ផ្លូវដែកដែលមានបញ្ហាអាចជាគន្លឹះក្នុងការកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ។
អ្នកដំណើរម្នាក់ឈ្មោះ អាណា ហ្កាស៊ីអា អារេនដា (Ana Garcia Aranda) ភេទស្រី អាយុ ២៦ឆ្នាំ ដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលកាកបាទក្រហមមួយក្នុងទីក្រុងអាដាមូស បាននិយាយថា «រថភ្លើងបានផ្អៀងទៅម្ខាង... បន្ទាប់មកអ្វីៗទាំងអស់បានងងឹត ហើយអ្វីដែលខ្ញុំបានឮ គឺសំឡេងស្រែក»។
នាងបានរៀបរាប់ពីរបៀបដែលអ្នកដំណើរដទៃទៀតបានអូសនាងចេញពីរថភ្លើងដែលប្រឡាក់ដោយឈាម។ ក្រុមពន្លត់អគ្គីភ័យបានជួយសង្គ្រោះប្អូនស្រីមានផ្ទៃពោះរបស់នាងចេញពីគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់បានដឹកពួកគេទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យ។
នាងបាននិយាយថា «មានអ្នកដំណើរខ្លះមិនមានគ្រោះថ្នាក់អ្វីទេ ហើយអ្នកផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ... អ្នកដឹងថាពួកគេនឹងស្លាប់ ហើយអ្នកមិនអាចធ្វើអ្វីបានទេ»។
មន្ត្រីបាននិយាយថា របាយការណ៍អ្នកបាត់ខ្លួនសរុបចំនួន ៤៣នាក់ ត្រូវបានដាក់ជូនទីស្នាក់ការកណ្តាលប៉ូលិសនៅទីក្រុងហ៊ូអេលវ៉ា ទីក្រុងម៉ាឌ្រីដ ទីក្រុងម៉ាឡាហ្កា ទីក្រុងកូដូបា និងទីក្រុងសឺវីល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





