ទីក្រុងសេអ៊ូលរាយការណ៍ករណីជំងឺគ្រុនផ្តាសាយបក្សីថ្មីនៅកសិដ្ឋានចិញ្ចឹមសត្វ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីបន្ថែមនៃការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វបក្សីមួយកន្លែង ដែលធ្វើឱ្យចំនួនសរុបនៅរដូវកាលនេះឡើងដល់ ៣៧ករណី។
យោងតាមទីស្នាក់ការកណ្តាលនៃវិធានការទប់ស្កាត់គ្រោះមហន្តរាយនិងសុវត្ថិភាព បានឱ្យដឹងថា ករណីឆ្លងចុងក្រោយនេះត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វទាមួយកន្លែងក្នុងសង្កាត់ Gokseong ចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ជាកន្លែងដែលមានសត្វទាប្រហែល ២៧.០០០ក្បាលត្រូវបានចិញ្ចឹម។
អាជ្ញាធរបានរឹតត្បិតការចូលទៅកាន់កសិដ្ឋាននោះ ហើយបានចាប់ផ្តើមសម្លាប់សត្វបក្សី និងកំពុងស៊ើបអង្កេតករណីនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





