ប្រធានាធិបតីអ៊ីរ៉ង់ព្រមានថា ការវាយប្រហារលើលោក ខាមេណី នឹងនាំឱ្យមានសង្គ្រាមគ្រប់បែបយ៉ាងកើតឡើង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហារណាមួយទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) នឹងត្រូវបានចាត់ទុកថាជាការប្រកាស «សង្គ្រាមទាំងស្រុង» ប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ បន្ទាប់ពីការផ្លាស់ប្តូរវោហាសាស្ត្រយ៉ាងខ្លាំងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ការអត្ថាធិប្បាយរបស់លោក ប៉េហ្សេសគីអាន់ ដែលបានបង្ហោះនៅលើបណ្តាញសង្គមអ៊ិចនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីលោក ត្រាំ បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា វាដល់ពេលហើយដែលត្រូវស្វែងរកមេដឹកនាំថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក ប៉េហ្សេសគីអាន់ បានសរសេរថា «ការវាយប្រហារណាមួយទៅលើមេដឹកនាំដ៏អស្ចារ្យរបស់យើង គឺស្មើនឹងឱ្យមានសង្គ្រាមទាំងស្រុងប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។
ប្រធានាធិបតីអ៊ីរ៉ង់ក៏បានស្តីបន្ទោសដល់ទីក្រុងវ៉ាស៊ីនតោនផងដែរចំពោះការតស៊ូផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយលោកបានលើកឡើងអំពីអរិភាពយូរអង្វែង និងទណ្ឌកម្មអមនុស្សធម៌ ដែលត្រូវបានដាក់ចេញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ជាកត្តាជំរុញចម្បងនៃការលំបាកសម្រាប់ប្រជាជនអ៊ីរ៉ង់។
ជម្លោះការទូតកាន់តែធ្ងន់ធ្ងរឡើងនៅព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននៅពេលដែលលោក ខាមេណី បានហៅលោក ត្រាំ ថាជា «ឧក្រិដ្ឋជន»ដោយចាត់ទុកលោកថាជាអ្នកទទួលខុសត្រូវចំពោះអ្នកស្លាប់ និងរបួស និងការខូចខាតដែលបានកើតឡើងក្នុងអំឡុងពេលថ្មីៗនេះនៃភាពចលាចលក្នុងស្រុកនៅក្នុងប្រទេសអ៊ីរ៉ង់។
ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅតែមានភាពច្របូកច្របល់ចាប់តាំងពីការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានដែលត្រូវបានកំណត់លក្ខណៈដោយការបន្តគោលនយោបាយ «សម្ពាធអតិបរមា» និងការប្រឈមមុខដាក់គ្នាជាញឹកញាប់រវាងមេដឹកនាំទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





