ចិនរាយការណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប ៥% ក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ -- ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៥% ដែលឈានដល់តម្លៃ ១៤០,១៩ទ្រីលានយន់ (២០,១៣ទ្រីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៥។
ការិយាល័យស្ថិតិជាតិបាននិយាយថា នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥ សេដ្ឋកិច្ចបានកើនឡើង ៤,៥% ពីមួយឆ្នាំមុន និងបានកើនឡើង១,២% ពីត្រីមាសមួយមុន។
ការិយាល័យស្ថិតិជាតិបានកត់សម្គាល់ថា បើទោះបីជាមានបរិយាកាសក្នុងស្រុក និងក្រៅស្រុកដ៏ស្មុគស្មាញក៏ដោយ ក៏សេដ្ឋកិច្ចបានរីកចម្រើនក្រោមសម្ពាធ ដោយសម្រេចបានវឌ្ឍនភាពថ្មីក្នុងការអភិវឌ្ឍដែលមានគុណភាពខ្ពស់។
ការិយាល័យនោះបានបន្ថែមថា គោលដៅ និងភារកិច្ចសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ត្រូវបានសម្រេចយ៉ាងពេញលេញនៅក្នុងឆ្នាំ២០២៥ ដែលនាំឱ្យផែនការប្រាំឆ្នាំលើកទី១៤ (ឆ្នាំ២០២១-២០២៥) ឈានដល់ការបញ្ចប់ដោយជោគជ័យ។
ទិន្នផលឧស្សាហកម្មបន្ថែមតម្លៃរបស់ប្រទេសចិន ដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយ បានពង្រីក ៥,៩% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០២៥។ ការិយាល័យស្ថិតិជាតិបាននិយាយថា គ្រាន់តែក្នុងខែធ្នូមួយប៉ុណ្ណោះ ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។
ការលក់រាយទំនិញប្រើប្រាស់របស់ប្រទេសចិន ដែលជាសូចនាករសំខាន់មួយនៃកម្លាំងប្រើប្រាស់របស់ប្រទេស បានកើនឡើង ៣,៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០២៥ ហើយគ្រាន់តែក្នុងខែធ្នូតែមួយ ការលក់រាយទំនិញប្រើប្រាស់បានកើនឡើង ០,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ប្រាក់ចំណូលដែលអាចចាយបានក្នុងមនុស្សម្នាក់របស់ប្រទេសចិនបានកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំ គិតជាចំនួនគត់នៅក្នុងឆ្នាំ២០២៥។ ការិយាល័យស្ថិតិជាតិបាននិយាយថា ប្រាក់ចំណូលដែលអាចចាយបានក្នុងមនុស្សម្នាក់របស់ប្រទេសនេះមានចំនួន ៤៣.៣៧៧យន់កាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





