យ៉ាងហោចណាស់មនុស្ស ១៨នាក់ស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅឈីលី ខណៈដែលប្រធានាធិបតីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលរាលដាលពាសពេញភាគកណ្តាលប្រទេសឈីលី ដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក ហ្គាប្រ៊ីអ៊ែល បូរិក (Gabriel Boric) បាននិយាយកាលពីថ្ងៃអាទិត្យ ដោយព្រមានថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងបន្ថែមទៀត។
លោក បូរិក បានប្រាប់អ្នកសារព័ត៌មានថា «យើងមានចំនួនអ្នកស្លាប់ដែលបានបញ្ជាក់នៅថ្ងៃនេះចំនួន ១៨នាក់ ប៉ុន្តែជាអកុសល យើងមានភាពប្រាកដប្រជាថា ចំនួននេះនឹងកើនឡើង»។
គិតត្រឹមម៉ោង ៦:០០នាទីល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ភ្លើងឆេះព្រៃចំនួន ៣៣ កន្លែងបានបន្តឆេះរាលដាលពាសពេញតំបន់ Biobio និងNuble ខណៈដែលសាជីវកម្មព្រៃឈើជាតិ (CONAF) និងក្រុមសង្គ្រោះបន្ទាន់បន្តប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅតែសកម្មនៅតំបន់Laja តំបន់ Ranquil តំបន់ Florida តំបន់ Santa Juana តំបន់ Quillon និងតំបន់ Nacimiento។
លោក បូរិក បាននិយាយថា ស្ថានភាពគ្រោះមហន្តរាយត្រូវបានប្រកាសនៅវេលាម៉ោង ២:៣០នាទីព្រឹកសម្រាប់តំបន់ទាំងពីរដែលរងផលប៉ះពាល់ «ដោយសារតែភាពធ្ងន់ធ្ងរ» នៃភ្លើងឆេះព្រៃ និងដើម្បីសម្រួលដល់ការទប់ស្កាត់ ភស្តុភារ និងសន្តិសុខ។
ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះក៏បានដាក់ចេញនូវបម្រាមគោចរនៅក្នុងតំបន់ Lirquen ចាប់ពីម៉ោង ៧:០០នាទីយប់រហូតដល់មានការជូនដំណឹងបន្ថែម និងនៅតំបន់ Penco តំបន់ Nacimiento និងតំបន់Laja ចាប់ពីម៉ោង ៨:០០នាទីយប់រហូតដល់ម៉ោង ៦:០០នាទីព្រឹកថ្ងៃចន្ទផងដែរ។
ព័ត៌មានផ្លូវការបានបង្ហាញថា ផ្ទះចំនួន ៣០០ខ្នងត្រូវបានបញ្ជាក់ថាត្រូវបានបំផ្លាញនៅក្នុងតំបន់ Biobio ប៉ុន្តែលោក បូរិក បានប៉ាន់ប្រមាណថាចំនួនចុងក្រោយនឹងលើសពី ១.០០០ខ្នងនៅទូទាំងតំបន់ទាំងពីរ។
លោកបានជំរុញឱ្យមានការអនុវត្តតាមការជូនដំណឹងអាសន្នជាបន្ទាន់ដោយចង្អុលបង្ហាញពីការរីករាលដាលយ៉ាងឆាប់រហ័សនៃហេតុការណ៍ភ្លើងឆេះព្រៃ Penco-Lirquen។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឈីលី លោក ប្រ៊ែនដុន ជុដដ៍ (Brandon Judd) បាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានអនុញ្ញាតឱ្យលោកគាំទ្រប្រទេសឈីលីជាមួយនឹងជំនួយដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





