លោក ដូណាល់ ត្រាំ អញ្ជើញប្រទេសតួកគី អាហ្សង់ទីន និងកាណាដា ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- រដ្ឋបាលរបស់មេដឹកនាំតួកគី បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdohan) ដោយអញ្ជើញលោកឱ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។
លោក ប័រហាណេតទីន ឌូរេន (Burhanettin Duran) ប្រធាននាយកដ្ឋានទំនាក់ទំនងនៃប្រធានាធិបតីតួកគី បាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា «នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព បានផ្ញើលិខិតមួយច្បាប់អញ្ជើញប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អឺដូហ្គែន ឱ្យក្លាយជាសមាជិកស្ថាបនិកម្នាក់នៃក្រុមប្រឹក្សាសន្តិភាព»។
លោក ចាវីយ៉េ មីលី (Javier Milei) ប្រធានាធិបតីអាហ្សង់ទីន បាននិយាយថា លោក ត្រាំ ក៏បានអញ្ជើញប្រទេសអាហ្សង់ទីនឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកផងដែរ។
លោក មីលី បាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា «វាជាកិត្តិយសសម្រាប់ខ្ញុំដែលបានទទួលការអញ្ជើញនៅយប់នេះសម្រាប់ប្រទេសអាហ្សង់ទីនឱ្យចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព ដែលជាអង្គការមួយដែលបង្កើតឡើងដោយលោកប្រធានាធិបតី ត្រាំ ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយជម្លោះ ដោយចាប់ផ្តើមពីតំបន់ហ្គាហ្សា»។
សារព័ត៌មាន Globe and Mail បានរាយការណ៍ដោយដកស្រង់ប្រភពមួយថា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) ក៏បានទទួលយកការអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





