អ៊ីរ៉ង់កំពុងធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីរ៉ាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកជី (Abbas Araghchi) បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក ហ្វូអាដ ហ៊ូសសេន (Fuad Hussein) ដែលបានទៅដល់ទីក្រុងតេអេរ៉ង់សម្រាប់ដំណើរទស្សនកិច្ចថា អ៊ីរ៉ង់កំពុងធ្វើការជាមួយអ៊ីរ៉ាក់ទៅលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាមួយ។
លោក អារ៉ាកជី បាននិយាយថា «យើងកំពុងធ្វើការដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងរួមគ្នាមួយ ស្តីពីបញ្ហាសន្តិសុខជាមួយអ៊ីរ៉ាក់»។
លោក អារ៉ាកជី បានបន្ថែមថា ការដកកងទ័ពអាម៉េរិកចេញពីមូលដ្ឋានទ័ពអាកាសអាល់-អាសាដ នៅភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ គឺជាភស្តុតាងនៃការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើងជាមួយអ៊ីរ៉ាក់។
កាលពីថ្ងៃសៅរ៍ មូលដ្ឋានទ័ពអាកាសអេន អាល់-អាសាដ បានស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់កងទ័ពអ៊ីរ៉ាក់ បន្ទាប់ពីការដកកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម។
នៅក្នុងខែមករា ឆ្នាំ២០២០ មូលដ្ឋានទ័ពអាកាសនេះត្រូវបានវាយប្រហារដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ លោក កាសសេម សូឡីម៉ានី (Qassem Soleimani) និងមន្ត្រីមួយចំនួនរបស់លោកនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





