ប៊ុលហ្គារីស្វាគមន៍ការចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការសន្តិភាពហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- ក្រសួងការបរទេសប៊ុលហ្គារីបាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រទេសប៊ុលហ្គារីស្វាគមន៍ចំពោះការប្រកាសអំពីការចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគាំទ្រដោយសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ការបង្កើតក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាការតែងតាំងគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សាដែលមានសមាសភាពអ្នកបច្ចេកទេសប៉ាឡេស្ទីន គឺជាជំហានសំខាន់ៗឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍មានស្ថេរភាព និងការចាប់ផ្តើមការកសាងឡើងវិញ។
ប្រទេសប៊ុលហ្គារីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តពេញលេញនៃធាតុផ្សំទាំងអស់នៃផែនការនេះ រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស ការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលទាំងអស់ដែលខ្វះខាត ការកសាងឡើងវិញ និងការអភិវឌ្ឍរយៈពេលវែងរបស់តំបន់ហ្គាហ្សា។
លោក នីកកូឡាយ ម្ល៉ាដេណូវ (Nickolay Mladenov) អតីតរដ្ឋមន្ត្រីក្រសួងការបរទេសប៊ុលហ្គារី ត្រូវបានតែងតាំងជាតំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ។ លោក ម្ល៉ាដេណូវ គឺជាអ្នកការទូតដែលមានបទពិសោធន៍ និងមានជំនាញយ៉ាងទូលំទូលាយនៅមជ្ឈិមបូព៌ា ហើយទទួលបានការជឿទុកចិត្តពីគ្រប់ភាគីទាំងអស់នៃជម្លោះ និងអ្នកសម្របសម្រួលអន្តរជាតិ ដោយធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា។
ប៊ុលហ្គារីបានសម្តែងការគាំទ្រចំពោះការអនុវត្តផែនការគ្រប់ជ្រុងជ្រោយនេះ និងការត្រៀមខ្លួនចូលរួមចំណែកនៅថ្នាក់ជាតិ ប្រសិនបើចាំបាច់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសនេះនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលមានគោលបំណងសម្រេចបាននូវសន្តិភាព និងសន្តិសុខយូរអង្វែងនៅមជ្ឈិមបូព៌ា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីតួនាទីស្ថាបនាក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមថ្មីនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





