លោក ដូណាល់ ត្រាំ ពន្យល់ពីការទាមទាររបស់លោកសម្រាប់កោះហ្រ្គីនលែនដ៍ ដោយសារការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិកដល់បណ្តាប្រទេសសហភាពអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ចំពោះការអះអាងរបស់លោកសម្រាប់ការបញ្ចូលកោះហ្គ្រីនលែនដ៍ទៅសហរដ្ឋអាមេរិក ដោយការពិតដែលថា យោងតាមលោក ទីក្រុងវ៉ាស៊ីនតោនបានឧបត្ថម្ភធនដល់បណ្តាប្រទេសនៅសហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «យើងបានឧបត្ថម្ភធនដល់ប្រទេសដាណឺម៉ាក និងប្រទេសទាំងអស់នៃសហភាពអឺរ៉ុប និងប្រទេសដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនគិតពន្ធគយ ឬទម្រង់ប្រាក់បំណាច់ផ្សេងៗទៀតដល់ពួកគេ។ ឥឡូវនេះ បន្ទាប់ពីរាប់សតវត្សកន្លងមកនោះ វាដល់ពេលហើយសម្រាប់ប្រទេសដាណឺម៉ាកដើម្បីតបស្នងវិញ»។
លោកបាននិយាយថា «ប្រទេសចិន និងរុស្ស៊ីចង់បានកោះហ្គ្រីនលែនដ៍ ហើយគ្មានអ្វីដែលប្រទេសដាណឺម៉ាកអាចធ្វើបាននោះទេ។ មានតែសហរដ្ឋអាមេរិក ក្រោមប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះដែលអាចលេងក្នុងល្បែងនេះបាន ហើយទទួលបានជោគជ័យយ៉ាងខ្លាំង! គ្មាននរណាម្នាក់នឹងប៉ះដីដ៏ពិសិដ្ឋនេះទេ ជាពិសេសចាប់តាំងពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូលស្ថិតក្នុងគ្រោះថ្នាក់»។
លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតអំពីតម្រូវការសម្រាប់កោះហ្រ្គីនលែនដ៍ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក។ សូម្បីតែក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតីក៏ដោយ លោកបានស្នើទិញកោះនេះ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៥ លោកបានបង្ហាញទំនុកចិត្តថា វាអាចត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន។ លោក ស្តេហ្វេន មីលល័រ (Stephen Miller) អនុប្រធានសេតវិមាន បានសួរអំពីសិទ្ធិរបស់ប្រទេសដាណឺម៉ាកក្នុងការគ្រប់គ្រងកោះហ្រ្គីនលែនដ៍ ហើយបាននិយាយថា វាគួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។
កោះហ្រ្គីនលែនដ៍ គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាកជាទឹកដីស្វយ័ត។ នៅក្នុងឆ្នាំ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen បន្ថែមពីលើការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តចំពោះអង្គការណាតូ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិហ្រ្គីនលែនដ៍ ដែលក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិកបានប្តេជ្ញាការពារកោះនេះពីការឈ្លានពានដែលអាចកើតមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





