ហ្វីលីពីនប្រឈមមុខនឹងហានិភ័យពីព្យុះត្រូពិចដំបូងបង្អស់នៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរហ្វីលីពីនបាននិយាយកាលពីសប្តាហ៍មុនថា ព្យុះស៊ីក្លូនត្រូពិចដំបូងបង្អស់នៃឆ្នាំនេះ គឺព្យុះណូកែន (Nokaen) (ដែលមានឈ្មោះក្នុងស្រុកថា អាដា) ដែលបង្កឱ្យមានហានិភ័យនៅលើកោះលូហ្សូន។
ការិយាល័យអាកាសធាតុរដ្ឋ PAGASA បាននិយាយថា ព្យុះណូកែន កំពុងបក់បោកក្នុងល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាល ជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះកំពុងធ្វើដំណើរយឺតៗទៅភាគខាងជើងលើសមុទ្រហ្វីលីពីន ភាគខាងកើតនៃខេត្តវីសាយ៉ាស់ខាងកើត នៅភាគកណ្តាលប្រទេសហ្វីលីពីន។
ការិយាល័យ PAGASA បាននិយាយថា ព្យុះណូកែនត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ឆ្នេរសមុទ្រភាគខាងកើតនៃកោះលូហ្សូនខាងត្បូង នៅចុងសប្តាហ៍នេះ។ ដោយសារតែផ្លូវរបស់វា ព្យុះនេះអាចនាំមកនូវភ្លៀងធ្លាក់ខ្លាំងពីកម្រិត ១០០ ទៅ ២០០មីលីម៉ែត្រ ជាពិសេសនៅលើតំបន់ជុំវិញភ្នំភ្លើងម៉ាយ៉ុន ក្នុងខេត្តអាល់បេយ។
នៅក្នុងខេត្តអាល់បេយ ប្រជាជនរាប់ពាន់នាក់ដែលរស់នៅក្បែរជម្រាលភ្នំភ្លើងម៉ាយ៉ុន ត្រូវបានផ្លាស់ទីលំនៅរួចហើយដោយសារសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត។
មន្ត្រីបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លួនណូកែន អាចធ្វើឱ្យស្ថានភាពនៅក្នុងមជ្ឈមណ្ឌលជម្លៀសកាន់តែអាក្រក់ទៅៗ និងធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបបន្ទាន់។
ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងក្បែរនោះ ត្រូវបានជំរុញឱ្យចាត់វិធានការបង្ការចាំបាច់ និងប្រុងប្រយ័ត្នចំពោះការណែនាំបន្ថែម ខណៈដែលព្យុះត្រូពិចណូកែនបន្តធ្វើដំណើរឆ្ពោះទៅទិសខាងជើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





