កំណើននាំចេញរបស់សិង្ហបុរីលើសពីការព្យាករណ៍
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- យោងតាមតួលេខដែលបានចេញផ្សាយដោយ Enterprise Singapore កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តម្លៃនាំចេញសំខាន់ៗរបស់ប្រទេសសិង្ហបុរីបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងឆ្នាំ២០២៥ បើទោះបីជាមានការធ្លាក់ចុះនៃកំណើននាំចេញនៅក្នុងខែចុងក្រោយនៃឆ្នាំនេះក៏ដោយ។
ការនាំចេញក្នុងស្រុកមិនមែនប្រេង (NODX) បានកើនឡើង ៤,៨% នៅក្នុងឆ្នាំ២០២៥ ដែលលើសពីការព្យាករណ៍ជាផ្លូវការដែលមានចំនួនប្រហែល ២,៥%។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ Enterprise Singapore បានព្យាករថា កំណើននៃការនាំចេញសំខាន់ៗនឹងធ្លាក់ចុះមកនៅចន្លោះពី ០% និង ២% ក្នុងឆ្នាំ២០២៦ ដោយសារតែផលប៉ះពាល់នៃពន្ធគយ។
តម្លៃនាំចេញសំខាន់ៗបានកើនឡើង ៦,១% នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលទាបជាងការព្យាករណ៍នៃការកើនឡើង ១០,១% ដោយអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់គេហទំព័រ Bloomberg។ តួលេខនេះក៏បានធ្លាក់ចុះពីកំណើន ១១,៥% ដែលបានកត់ត្រានៅក្នុងខែវិច្ឆិកា និងការកើនឡើង ២១,១% នៅក្នុងខែតុលាផងដែរ។
ការនាំចេញឧបករណ៍អេឡិចត្រូនិចនៅក្នុងខែធ្នូ បានកើនឡើង ២៤,៩% ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីការកើនឡើង ១២,៩% នៅក្នុងខែវិច្ឆិកា។ ការនាំចេញសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង ៣២,១% ផលិតផលឌីសមេឌៀកើនឡើង ៥៣,៥% និងឧបករណ៍ទូរគមនាគមន៍កើនឡើង ៨១,៤%។ ផ្នែកទាំងនេះបានរួមចំណែកច្រើនបំផុតដល់កំណើននៃការនាំចេញឧបករណ៍អេឡិចត្រូនិករបស់សិង្ហបុរី។
ការនាំចេញឧបករណ៍មិនមែនអេឡិចត្រូនិចបានកើនឡើង ០,៨% នៅក្នុងខែធ្នូ បន្ទាប់ពីការកើនឡើង ១១,១% នៅក្នុងមួយខែមុន។ កំណើននេះត្រូវបាននាំមុខដោយមាសមិនមែនរូបិយវត្ថុ ដែលបានកើនឡើង ៧៣,៣% គ្រឿងចក្រឯកទេសកើនឡើង ៥,៤% និងឧបករណ៍ដោះស្រាយមេកានិច ដែលបានកើនឡើងយ៉ាងខ្លាំង ៤១៥,៨%។
ទាក់ទងនឹងគោលដៅនាំចេញ ការនាំចេញទៅកាន់ចិនដីគោក កោះតៃវ៉ាន់ និងម៉ាឡេស៊ី បានកើនឡើងនៅក្នុងខែធ្នូ ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន ឥណ្ឌូណេស៊ី ថៃ និងអឺរ៉ុប មានការធ្លាក់ចុះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





