លោក ពូទីន៖ លោកសង្ឃឹមថានឹងស្តារទំនាក់ទំនងកូរ៉េខាងត្បូង-រុស្ស៊ី ឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍ព័ត៌មានមួយបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថានឹងស្តារទំនាក់ទំនងរវាងប្រទេសរបស់លោក និងកូរ៉េខាងត្បូងឡើងវិញ។
លោក ពូទីន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលពិធីប្រគល់សារតាំងជាមួយឯកអគ្គរដ្ឋទូតថ្មីប្រចាំទីក្រុងមូស្គូ រួមទាំងឯកអគ្គរដ្ឋទូតកំពូលរបស់ទីក្រុងសេអ៊ូល លោក លី សុខបេ (Lee Sok-bae) ផងដែរ។
កាសែត RIA Novosti របស់រុស្ស៊ីបានដកស្រង់សម្តីរបស់លោកថា «ជាអកុសល ដើមទុនវិជ្ជមានភាគច្រើននៅក្នុងអន្តរកម្មរបស់យើងជាមួយសាធារណរដ្ឋកូរ៉េត្រូវបានខ្ជះខ្ជាយ»។ «យ៉ាងណាក៏ដោយ កាលពីអតីតកាលដោយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តជាក់ស្តែង ប្រទេសរបស់យើងសម្រេចបានលទ្ធផលល្អពិតប្រាកដក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្ម។ យើងសង្ឃឹមថានឹងស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េឡើងវិញ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





