គ្រោះរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់នៅភាគខាងកើតប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៣នាក់បានស្លាប់ និងប្រហែល ៤០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីគ្រោះរអិលបាក់ដីបានកើតឡើងកាលពីយប់មិញនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១:០០នាទីព្រឹកនៅក្នុងភូមិប៊ូរូតស៊ី តំបន់ Walikale នៃខេត្តគីវូ ភាគខាងជើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដី ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស និងសម្ភារៈយ៉ាងច្រើន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន រហូតមកដល់ពេលនេះបានរកឃើញសាកសពចំនួន ១៣នាក់ពីគំនរបាក់បែក រួមទាំងកុមារចំនួន ៤នាក់ផងដែរ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកមនុស្សផ្សេងទៀតដែលនៅតែកប់នៅក្រោមគំនរបាក់បែក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





