នាយករដ្ឋមន្ត្រីកាណាដាអញ្ជើញមកដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសចិនរហូតដល់ថ្ងៃសៅរ៍។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនដោយនាយករដ្ឋមន្ត្រីកាណាដាក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ។
នៅពេលធ្វើបទសម្ភាសន៍អំពីដំណើរទស្សនកិច្ចរបស់លោក ខានេយ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីបង្កើនការសន្ទនា និងការទំនាក់ទំនង បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក និងពង្រឹងសន្ទុះនៃការកែលម្អទំនាក់ទំនងចិន-កាណាដា ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





