លោក លី ជេម្យុង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការងារការទូត និងសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើកិច្ចការងារការទូត និងសន្តិសុខ ដោយលើកឡើងពីភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ។
លោក លី បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់ ខណៈដែលលោកបានបញ្ចប់កិច្ចពិភាក្សាកំពូលដាច់ដោយឡែកពីគ្នាមួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីជិ (Sanae Takaichi) នៅក្នុងខែនេះ។
យោងតាមការិយាល័យជឹងវ៉ាដេ បានឱ្យដឹងថា លោក លី បាននិយាយថា «ក្នុងចំណោមភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់កាន់តែមានសារៈសំខាន់»។
លោក លី បាននិយាយថា ការទូតជាក់ស្តែង ដែលស្វែងរកតុល្យភាព និងការពង្រីកចំណងទាក់ទងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់នៅពេលនេះ។
លោក លី បាននិយាយថា «តួនាទីនៃនយោបាយក្នុងស្រុក គឺមានសារៈសំខាន់ជាពិសេសនៅពេលនេះ។ ប្រសិនបើយើងបែកបាក់ផ្ទៃក្នុង យើងនឹងមិនអាចការពារផលប្រយោជន៍ជាតិរបស់យើងប្រឆាំងនឹងសម្ពាធពីខាងក្រៅបានទេ ហើយសូម្បីតែសមិទ្ធផលការទូតដែលយើងទទួលបានដោយលំបាកក៏អាចត្រូវបានខ្ជះខ្ជាយផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





