នាយករដ្ឋមន្ត្រីប៉ូឡូញ៖ ប៉ូឡូញនឹងមិនបញ្ជូនកងទ័ពទៅកាន់កោះហ្រ្គីនលែនដ៍ទេ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញនឹងមិនបញ្ជូនកងទ័ពទៅកាន់កោះហ្គ្រីនលែនដ៏ទេ។
ប៉ុន្តែ ថ្លែងនៅទីក្រុង Warsaw លោក ដូណាល់ ទូសក៏ (Donald Tusk) បាននិយាយថា ការវាយប្រហារដោយប្រទេសដែលជាសមាជិកអង្គការណាតូមួយទៅលើទឹកដីរបស់ប្រទេសមួយផ្សេងទៀត នឹងជាទីបញ្ចប់នៃពិភពលោក ដូចដែលយើងបានដឹងហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍សាធារណៈប៉ូឡូញ TVP World។
កោះហ្គ្រីនលែនដ៏ ដែលជាទឹកដីគ្រប់គ្រងដោយខ្លួនឯងនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក បានទាក់ទាញចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាការព្រួយបារម្ភអំពីសកម្មភាពរបស់រុស្ស៊ី និងចិនដែលកំពុងកើនឡើង។
ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនលែនដ៏ បានបដិសេធចំពោះសំណើលក់ទឹកដីនេះ ដោយបានបញ្ជាក់សារជាថ្មីអំពីអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកលើកោះនេះ។
ប្រទេសដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់ កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅកោះហ្គ្រីនលែនដ៏ តាមរយៈសមយុទ្ធ និងបេសកកម្មឈ្លបយកការណ៍ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានទទូចថា ទឹកដីនេះគួរតែស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងរុស្ស៊ី និងចិន។
បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស់ ឡូកកេ រ៉ាស់មូស្សេន (Lars Lokke Rasmussen) បាននិយាយថា កិច្ចពិភាក្សារបស់ពួកគេបានបរាជ័យក្នុងការផ្លាស់ប្តូរគោលជំហររបស់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





