របាយការណ៍៖ សហរដ្ឋអាមេរិកចាប់ផ្តើមលក់ប្រេងជាផ្លូវការនៅវេណេស៊ុយអេឡា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- មន្ត្រីរដ្ឋបាលម្នាក់បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិកបានបញ្ចប់ការលក់ប្រេងជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលមានតម្លៃ ៥០០លានដុល្លារអាម៉េរិក។
មន្ត្រីរូបនេះបានបន្ថែមថា ការលក់ប្រេងបន្ថែមទៀតត្រូវបានគេរំពឹងទុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។
កាលពីដើមខែនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមានបំណងចូលប្រើប្រាស់ទុនបម្រុងប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេសប្រេងធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីការអន្តរាគមន៍ដោយយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ និងការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។
ទោះបីជាវាមិនច្បាស់ថា តួលេខនោះបានមកពីណាក៏ដោយ ក៏លោក ត្រាំ បានបញ្ជាក់ថា ឧស្សាហកម្មប្រេងនឹងចូលរួមចំណែកយ៉ាងហោចណាស់ ១០០ប៊ីលានដុល្លារអាម៉េរិក ដើម្បីជួសជុលវិស័យថាមពលដែលខូចខាតរបស់ប្រទេសវេណេស៊ុយអេឡា។
លោកក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកនឹងនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡាចំនួន ៣០-៥០លានបារ៉ែល ដោយសហការជាមួយក្រុមហ៊ុនសាជីវកម្មអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





