ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីករណីស្លាប់របស់បាតុករនៅអ៊ីរ៉ង់ បន្ទាប់ពីមានសំណើរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកំណត់ពេលប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីករណីស្លាប់បាតុករនៅអ៊ីរ៉ង់ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនបានបញ្ជាក់ពីសកម្មភាពអ្វីដែលលោកនឹងចាត់វិធានការប្រឆាំងនឹងរដ្ឋអ៊ីស្លាមមួយនេះក៏ដោយ។
ទីក្រុងតេអេរ៉ង់ហាក់ដូចជាបានធ្វើសេចក្តីថ្លែងការណ៍ផ្សះផ្សាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ បន្ទាប់ពីលោក ត្រាំ បានគំរាមចាត់វិធានការដើម្បីបញ្ឈប់ការសម្លាប់បាតុករបន្ថែមទៀត រួមទាំងការប្រហារជីវិតអ្នកណាម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងការបង្ក្រាបដ៏បង្ហូរឈាមរបស់ទីក្រុងតេអេរ៉ង់ទៅលើការតវ៉ាទូទាំងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា ការបង្ក្រាបរបស់អ៊ីរ៉ង់ទៅលើក្រុមបាតុករ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៦១៥នាក់។
អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរពាណិជ្ជកម្មអស់រយៈពេលជាច្រើនម៉ោង ដោយគ្មានការពន្យល់អ្វីទាំងអស់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយបុគ្គលិកមួយចំនួននៅមូលដ្ឋានយោធាសំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា ត្រូវបានណែនាំឱ្យជម្លៀសចេញ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសគុយវ៉ែត ក៏បានបញ្ជាឱ្យបុគ្គលិករបស់ខ្លួនផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរទៅកាន់មូលដ្ឋានយោធាជាច្រើននៅក្នុងប្រទេសអារ៉ាប់ឈូងសមុទ្រតូចមួយនេះដែរ។
អ៊ីរ៉ង់ពីមុនបានបិទដែនអាកាសរបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃប្រឆាំងនឹងអ៊ីស្រាអែលកាលពីក្នុងខែមិថុនាឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រធានគោលនយោបាយការបរទេសសំខាន់របស់សហភាពអឺរ៉ុប បាននិយាយថា សមាជិកក្រុមប្រទេស G7 មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តជុំវិញការតវ៉ានោះ ហើយបាននិយាយថា ពួកគេប្រឆាំងយ៉ាងខ្លាំងចំពោះការកើនឡើងកាន់តែខ្លាំងនៃការគាបសង្កត់យ៉ាងឃោរឃៅរបស់អាជ្ញាធរអ៊ីរ៉ង់ទៅលើប្រជាជនអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





