នាយករដ្ឋមន្ត្រីដាណឺម៉ាកបញ្ជាក់ពីការមិនយល់ស្របជាមូលដ្ឋានជាមួយសហរដ្ឋអាមេរិកចំពោះបញ្ហាកោះហ្រ្គីនលែនដ៍
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីដាណឺម៉ាកកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា កិច្ចប្រជុំនៅសេតវិមានជាមួយមន្រ្តីអាម៉េរិក ស្តីពីកោះហ្គ្រីនលែនដ៍ «មិនមែនជារឿងងាយស្រួលនោះទេ»ដោយលោកស្រីបានបញ្ជាក់ពីការមិនចុះសម្រុងគ្នាជាមូលដ្ឋានដោយសារតែមហិច្ឆតាបន្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដណ្តើមយកទឹកដីស្វយ័តរបស់ដាណឺម៉ាក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី មេតតេ ហ្រ្វេដឺរិកសេន (Mette Frederiksen) បាននិយាយថា លោកស្រីបានទទួលរបាយការណ៍សង្ខបនៃកិច្ចប្រជុំកាលពីថ្ងៃពុធរវាងកោះហ្គ្រីនលែនដ៍ ដាណឺម៉ាក និងសហរដ្ឋអាមេរិក នៅឯសេតវិមាន ស្តីពីកោះហ្គ្រីនលែនដ៏ ចំពេលដែលមានការចាប់អារម្មណ៍ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងការទទួលបានទឹកដីក្នុងតំបន់អាកទិកមួយនេះ។
លោកស្រី ហ្រ្វេដឺរិកសេន បាននិយាយថា កិច្ចប្រជុំនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយលោកស្រីបានបញ្ជាក់ពីការមិនចុះសម្រុងគ្នាជាមូលដ្ឋានរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ TV 2។
លោកស្រីបាននិយាយថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយចំពោះបញ្ហានេះ ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា នេះមិនផ្លាស់ប្តូរនូវការពិតនៃការមិនចុះសម្រុងគ្នាជាមូលដ្ឋាននោះទេ ខណៈដែលមហិច្ឆតារបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកកោះហ្គ្រីនលែនដ៍កំពុងតែបន្ត។
ការកត់សម្គាល់របស់លោកស្រីខាងលើនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ (JD Vance) រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio)រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស់ ឡូកកេ រ៉ាស់មូស្សេន (Lars Lokke Rasmussen) និងរដ្ឋមន្ត្រីការបរទេសកោះហ្គ្រីនលែនដ៍ លោក វីវៀន ម៉ូតហ្ស៍ហ្វែលដ៏ (Vivian Motzfeldt)។
លោកស្រី ហ្រ្វេដឺរិកសេន បាននិយាយថា «វាច្បាស់ណាស់ថា វាជារឿងធ្ងន់ធ្ងរ ដូច្នេះយើងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីទប់ស្កាត់សេណារីយ៉ូនោះមិនឱ្យក្លាយជាការពិត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





