លោក ដូណាល់ ត្រាំ សាទរចំពោះដំណឹងល្អដែលអ៊ីរ៉ង់នឹងមិនកាត់ទោសប្រហារជីវិតក្រុមបាតុករឡើយ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានសាទរចំពោះដំណឹងល្អ ដែលអ៊ីរ៉ង់នឹងមិនធ្វើការកាត់ទោសប្រហារជីវិតក្រុមបាតុករទេ ដោយលោកសង្ឃឹមថាវានឹងបន្តទៅទៀត។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា «យោងតាមសារព័ត៌មាន Fox News អ្នកតវ៉ាអ៊ីរ៉ង់នឹងលែងត្រូវបានកាត់ទោសប្រហារជីវិតហើយ បន្ទាប់ពីការព្រមានរបស់លោកប្រធានាធិបតី ត្រាំ។ នេះជាដំណឹងល្អ។ សង្ឃឹមថាវានឹងបន្តទៀត!»។
ប្រព័ន្ធតុលាការអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធចំពោះការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយថា បុរសម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានរីករាលដាលពាសពេញប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រាប់សារព័ត៌មាន CBS News ថាទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ប្រហារជីវិតក្រុមបាតុករ។
ការរាយការណ៍នោះបាននិយាយថា លោក អឺហ្វាន់ សូលតានី (Erfan Soltani) អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិតភ្លាមៗ ពីបទចូលរួមក្នុងការតវ៉ាដែលបង្កឡើងដោយស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការ បានច្រានចោលការរាយការណ៍ទាំងនោះថាជា «ការប្រឌិត» ដោយបាននិយាយថា លោក សូលតានី ត្រូវបានឃុំខ្លួននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមូលផ្តុំ និងឃុបឃិតប្រឆាំងនឹងសន្តិសុខជាតិ និងសកម្មភាពឃោសនា។
ប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការបានបន្ថែមថា លោក សូលតានីបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនៅទីក្រុងការ៉ាច ដែលជាទីក្រុងមួយនៅជាយក្រុងតេអេរ៉ង់។
មជ្ឈមណ្ឌលនេះបាននិយាយថា ប្រសិនបើរដ្ឋអាជ្ញាបញ្ជាក់ពីការចោទប្រកាន់ ហើយតុលាការចេញសេចក្តីសម្រេច លោក សូលតានីនឹងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារក្រោមច្បាប់អ៊ីរ៉ង់ ប៉ុន្តែទោសប្រហារជីវិតមិនអនុវត្តចំពោះការចោទប្រកាន់បែបនេះទេ។
ការតវ៉ាដែលជំរុញដោយស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ បានចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់កាលពីចុងខែមុន មុនពេលដែលវាត្រូវបានរីករាលដាលដល់ទីក្រុងជាច្រើនទៀត៕





