ឥណ្ឌូណេស៊ីស្វែងរកដំណោះស្រាយចំពោះការកើនឡើងនៃសម្ពាធកាកសំណល់ក្នុងទីក្រុង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពឹងផ្អែកទៅលើរោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល ដើម្បីទប់ស្កាត់សម្ពាធកើនឡើងនៅកន្លែងចាក់សំរាមដែលមានច្រើនលើសលប់ ដោយសារបរិមាណកាកសំណល់ប្រចាំថ្ងៃនៅក្នុងទីក្រុងលើសពីកម្រិតដែលអាចគ្រប់គ្រងបាន និងបង្កហានិភ័យដល់បរិស្ថាន និងសុខភាពកាន់តែខ្លាំងឡើង។
ដូចការគ្រោងទុក រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងចាប់ផ្តើមសាងសង់គម្រោងកែច្នៃកាកសំណល់ទៅជាថាមពលនៅទីតាំងចំនួន៣៤ នៅទូទាំងប្រទេស ដែលជាការដាក់ឱ្យដំណើរការដ៏ធំបំផុតមួយនៃកន្លែងបែបនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ីរហូតមកដល់បច្ចុប្បន្ន។
រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពលនឹងត្រូវសាងសង់នៅក្នុងស្រុក និងទីក្រុងនានា ដែលបរិមាណកាកសំណល់មានលើសពី ១.០០០តោនក្នុងមួយថ្ងៃ ហើយត្រូវការការដោះស្រាយជាបន្ទាន់។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងសាធារណការ លោកស្រី ដាយអាណា គូស៊ូម៉ាស់ទូទី (Diana Kusumastuti) បានឱ្យដឹងថា រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា PSEL ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការប្រមូលផ្តុំសំរាមនៅកន្លែងចាក់សំរាមដោយការបំលែងកាកសំណល់ទៅជាអគ្គិសនី ដែលវាក្លាយជាការឆ្លើយតបដ៏សំខាន់ចំពោះបញ្ហាកាកសំណល់ដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌូណេស៊ី។
លោកស្រី គូស៊ូម៉ាស់ទូទី បាននិយាយថា កន្លែងចាក់សំរាមជាច្រើនឥឡូវនេះកំពុងដំណើរការលើសពីសមត្ថភាព ដែលភាគច្រើនដោយសារតែការកាត់បន្ថយ ការតម្រៀប និងការកែច្នៃកាកសំណល់នៅកម្រិតគ្រួសារ និងសហគមន៍នៅតែមិនទាន់គ្រប់គ្រាន់។ ជាលទ្ធផល សំរាមភាគច្រើននៅតែបន្តត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់កន្លែងចាក់សំរាមដោយមិនបានកែច្នៃជាមុន។
លោកស្រីបាននិយាយថា ដោយសំដៅទៅលើការបង្ការ ការកាត់បន្ថយ និងការកែច្នៃកាកសំណល់ ទីលានចាក់សំរាមនៅតែជាតម្រូវការជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងកាកសំណល់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





