ប្រទេសឡាវត្រូវបានចាត់ថ្នាក់ជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ -- គេហទំព័រ TravelPulse ដែលជាស្ថាប័នបោះពុម្ពផ្សាយទេសចរណ៍ឈានមុខគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយរបស់ពិភពលោក បានដាក់ឈ្មោះប្រទេសឡាវជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរក្នុងឆ្នាំ២០២៦។
ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងទីប្រឹក្សាទេសចរណ៍អន្តរជាតិ។
ជាពិសេស ជម្រើសនេះមិនមែនផ្អែកទៅលើនិន្នាការប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមតិរបស់អ្នកដែលហៅថា «អ្នកមានឥទ្ធិពល (Influencers)» នោះទេ ប៉ុន្តែផ្អែកទៅលើការវាយតម្លៃស៊ីជម្រៅដែលធ្វើឡើងដោយទីប្រឹក្សាទេសចរណ៍អាជីព និងអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការវាយតម្លៃគុណភាពសេវាកម្ម និងនិន្នាការថ្មីៗក្នុងវិស័យទេសចរណ៍ពិភពលោក។
ក្រៅពីប្រទេសឡាវ គោលដៅទេសចរណ៍ផ្សេងទៀតដែលមានឈ្មោះក្នុងបញ្ជីរួមមាន ប្រទេសអេហ្ស៊ីប ហ្សាម៉ាអ៊ីក ព័រទុយហ្គាល់ ម៉ិកស៊ិកូ បេលីស និងប៉ាណាម៉ា។
ក្រុមអ្នកជំនាញបាននិយាយថា ឆ្នាំ២០២៦ នឹងជាឆ្នាំដែលប្រទេសឡាវចាប់ផ្តើមទាក់ទាញអ្នកធ្វើដំណើរ។ ប្រទេសឡាវដែលឆ្លងកាត់តាមដងទន្លេមេគង្គ មានទេសភាពភ្នំ ស្ថាបត្យកម្មអាណានិគមបារាំង និងវត្តអារាមព្រះពុទ្ធសាសនាជាច្រើន។
លោក ដាន់ខេន ហ្រ្គីនហ្រ្វៀល-ធើក (Duncan Greenfield-Turk) ស្ថាបនិកគេហទំព័រ Global Travel Moments បាននិយាយថា «ជាមួយនឹងការចូលប្រើប្រាស់ក្នុងតំបន់កាន់តែច្រើន និងភាពស្ងប់ស្ងាត់នៃសណ្ឋាគារប្រណីតៗ ដូចជាសណ្ឋាគារ Rosewood Luang Prabang ជាដើមនោះ បានលើកកម្ពស់ស្តង់ដារ ហើយអ្នកធ្វើដំណើរអាចរីករាយនឹងបទពិសោធន៍ខាងសាសនា និងវប្បធម៌យ៉ាងជ្រាលជ្រៅដោយមិនមានមនុស្សច្រើនអ៊ូរអរនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់»។
ការទទួលស្គាល់ជាអន្តរជាតិពីសហគមន៍ទេសចរណ៍សកលលោក មិនត្រឹមតែបញ្ជាក់ពីតម្លៃនៃអច្ឆរិយៈធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសឡាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសសំខាន់ៗសម្រាប់ប្រទេសនេះដើម្បីបន្តការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពផងដែរ។ នេះត្រូវបានគេរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងដល់សហគមន៍ក្នុងស្រុកនៅគ្រប់ស្រទាប់សង្គមទាំងអស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





