ឥណ្ឌូណេស៊ីគូសបញ្ជាក់ពីតម្រូវការនៃការដាក់ចេញកម្មវិធីផ្តល់អាហារឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបម្រុងថវិកាចំនួន ៣៣៥ទ្រីលានរូពី (ប្រហែល ១៩,៨ប៊ីលានដុល្លារអាម៉េរិក) សម្រាប់កម្មវិធីផ្តល់អាហារឥតគិតថ្លៃ (MBG) ក្នុងឆ្នាំ២០២៦ ដោយបញ្ជាក់សារជាថ្មីថា គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាគោលនយោបាយសុខុមាលភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករសេដ្ឋកិច្ចជាយុទ្ធសាស្ត្រក្នុងទ្រង់ទ្រាយជាតិ។
លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បាននិយាយថា កម្មវិធីនេះត្រូវបានផ្តល់មូលនិធិយ៉ាងពេញលេញដោយថវិការដ្ឋ ដោយធានាបាននូវការអនុវត្តប្រកបដោយសុវត្ថិភាព ចីរភាព និងអាចវាស់វែងបានទូទាំងប្រទេស។
កម្មវិធីនេះត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលផ្តោតសំខាន់ទៅលើកុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងសិស្សានុសិស្សរហូតដល់កម្រិតវិទ្យាល័យ។ រដ្ឋាភិបាលមានគោលបំណងពង្រីកការគ្របដណ្តប់ដល់អ្នកទទួលផលចំនួន ៨២,៩លាននាក់ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីអាហារូបត្ថម្ភសង្គមដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី។
លោក អ៊ែរឡាងហ្កា បាននិយាយថា កម្មវិធីនេះនឹងជំរុញសេដ្ឋកិច្ចដោយសារអង្គភាពសេវាកម្មបំពេញតម្រូវការអាហារូបត្ថម្ភ (SPPG) ឬផ្ទះបាយ MBG ត្រូវបានបង់ប្រាក់ជាមុន ដែលពង្រឹងលំហូរសាច់ប្រាក់សម្រាប់ប្រតិបត្តិករ និងលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក អាជីវកម្មខ្នាតតូច និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។
ថវិកាបម្រុងសរុបប្រមាណជិត ៨០ទ្រីលានរូពី ត្រូវបានគេរំពឹងថានឹងត្រូវបានចែកចាយដល់សហគមន៍មូលដ្ឋានជារៀងរាល់ត្រីមាស ដែលលើសពីការជំរុញសេដ្ឋកិច្ចក្នុងត្រីមាសទីមួយរបស់រដ្ឋាភិបាលដែលមានប្រមាណជិត ៣៧ទ្រីលានរូពីកាលពីក្នុងឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





