សហភាពអឺរ៉ុបអាចតែងតាំងបេសកជនពិសេសដើម្បីចរចាជាមួយរុស្ស៊ី ស្តីពីបញ្ហាអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ -- សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបកំពុងពិភាក្សាអំពីលទ្ធភាពនៃការតែងតាំងបេសកជនពិសេសសម្រាប់កិច្ចចរចា ស្តីពីការដោះស្រាយបញ្ហាអ៊ុយក្រែន ដែលអាចធ្វើការសន្ទនាជាមួយភាគីរុស្ស៊ីក្នុងនាមសហគមន៍។
យោងតាមសារព័ត៌មាននេះ បានឱ្យដឹងថា លទ្ធភាពនៃការតែងតាំងបេសកជនពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ការដោះស្រាយបញ្ហាអ៊ុយក្រែន ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប កាលពីក្នុងខែមីនា ឆ្នាំ២០២៥។ នៅពេលនោះ គំនិតនេះគឺសម្រាប់បេសកជនចូលរួមក្នុងកិច្ចចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន។ គំនិតផ្តួចផ្តើមនេះមិនត្រូវបានអនុវត្តទេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គំនិតអំពីតម្រូវការសម្រាប់កិច្ចសន្ទនាជាមួយរុស្ស៊ីបានចាប់ផ្តើមត្រូវបានលើកឡើងនៅក្នុងទ្វីបអឺរ៉ុប ដោយប្រធានាធិបតីបារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុន (Emmanuel Macron) និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូជៀ ម៉េឡូនី (Giorgia Meloni) បាននិយាយជាសាធារណៈអំពីរឿងនេះ។ យោងតាមប្រភពព័ត៌មាននៅក្នុងសហភាពអឺរ៉ុបដែលបាននិយាយជាមួយសារព័ត៌មាន Politico បានឱ្យដឹងថា ប្លុកនេះបានចាប់ផ្តើមពិភាក្សាអំពីគំនិតនៃការតែងតាំងបេសកជនពិសេសម្តងទៀត។ សហភាពអឺរ៉ុបមានការភ័យខ្លាចថាខ្លួននឹងមិនអាចការពារគោលជំហររបស់ខ្លួនដោយគ្មានកៅអីនៅតុចរចា។ សារព័ត៌មាននេះបានពិពណ៌នារឿងនេះថា ជាចលនាដែលមិនធ្លាប់មានពីមុនមកដែលនឹងសម្គាល់ការអនុវត្តដ៏សំខាន់មួយនៅក្នុងរបៀបដែលអឺរ៉ុបចូលរួមជាមួយកិច្ចចរចាទ្វេភាគីជាបន្តបន្ទាប់ [ស្តីពីអ៊ុយក្រែន] ដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





