ចិនគូសបញ្ជាក់ពីការគាំទ្រចំពោះប្រទេសគុយបា បន្ទាប់ពីមានការគំរាមកំហែងថ្មីរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- ប្រទេសចិនបានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសគុយបាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន បន្ទាប់ពីមានការគំរាមកំហែងថ្មីៗពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning)បានគូសបញ្ជាក់ ដោយឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានប្រេនសាឡាទីណា (Prensa Latina) អំពីការជំទាស់របស់ប្រទេសលោកស្រីចំពោះការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការកោះការ៉ាបៀន។
លោកស្រី ម៉ៅ បានថ្លែងថា «យើងសូមអំពាវនាវម្តងទៀតដល់សហរដ្ឋអាមេរិកឱ្យបញ្ចប់ការបិទផ្លូវ ទណ្ឌកម្ម និងគ្រប់ទម្រង់នៃវិធានការបង្ខិតបង្ខំប្រឆាំងនឹងប្រទេសគុយបា ព្រោះវានឹងផ្តល់ផលប្រយោជន៍ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។
ដើម្បីឆ្លើយតបទៅនឹងសំណួរមួយទៀតអំពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសវេណេស៊ុយអេឡាបន្ទាប់ពីការឈ្លានពានផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងការ៉ាកាស អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ប្រជាជាតិអាម៉េរិកឡាទីន គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសិទ្ធិជ្រើសរើសដៃគូរបស់ពួកគេដោយឯករាជ្យ។
លោកស្រីបានកត់សម្គាល់ថា «ដោយមិនគិតពីស្ថានភាពវិវត្តន៍យ៉ាងណានោះទេ ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសនៅអាម៉េរិកឡាទីន រួមទាំងប្រទេសវេណេស៊ុយអេឡាផងដែរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក»។
ក្រសួងការបរទេសចិនបានជំរុញម្តងហើយម្តងទៀតឱ្យសហរដ្ឋអាមេរិកដកការបិទផ្លូវនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដកប្រទេសកោះនេះចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម (SSOT) របស់ទីក្រុងវ៉ាស៊ីនតោន។
ទីក្រុងប៉េកាំង និងទីក្រុងហាវ៉ាណាបានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកាលពីក្នុងឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





