រដ្ឋាភិបាលអ៊ុយក្រែនទទួលស្គាល់វិបត្តិថាមពលធ្ងន់ធ្ងរនៅទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី យូលៀ ស្វីរីដេនកូ (Yulia Sviridenko) បានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃវិបត្តិថាមពលដែលប៉ះពាល់ដល់រដ្ឋធានី និងតំបន់គៀវទាំងមូល។
លោកស្រី ស្វីរីដេនកូ បាននិយាយនៅក្នុងបណ្តាញតេឡេក្រាមថា «ស្ថានភាពដ៏លំបាកបំផុតនៅតែបន្តកើតមាននៅក្នុងខណ្ឌមួយចំនួននៃទីក្រុងគៀវ និងនៅផ្នែកខាងឆ្វេងនៃតំបន់ទីក្រុងគៀវ ជាពិសេសនៅក្នុងខណ្ឌបូរីស្ពីល (ខាងកើតអាកាសយានដ្ឋានអន្តរជាតិ) និងខណ្ឌប្រូវ៉ារី (ភាគឦសាន)»។
កាលពីសប្តាហ៍មុន អាជ្ញាធរនៅក្នុងរដ្ឋធានីបានរាយការណ៍ថា ផ្នែកខាងកើតនៃទីក្រុងគៀវគ្មានអគ្គិសនីប្រើប្រាស់ដោយផ្នែក។
ជាលទ្ធផល ការរឹតបន្តឹងត្រូវបានដាក់ចេញទៅលើសេវាកម្មរថភ្លើងក្រោមដី ហើយរថយន្តក្រុងអគ្គិសនីត្រូវបានប្រើប្រាស់ជំនួសវិញ។ក្រោយមក បញ្ហាផ្គត់ផ្គង់កំដៅត្រូវបានរាយការណ៍នៅក្នុងខណ្ឌចំនួនប្រាំបួននៃទីក្រុង។
ការរំខានដល់ការផ្គត់ផ្គង់ទឹកក៏ត្រូវបានរាយការណ៍ផងដែរនៅផ្នែកខាងកើត និងខណ្ឌប៉េឆឺស្គី ដោយសារតែការដាច់ចរន្តអគ្គិសនីនៅតាមកន្លែងហេដ្ឋារចនាសម្ព័ន្ធទឹក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





