លោកស្រី តាកាអ៊ីជិ នាយករដ្ឋមន្រ្តីជប៉ុនអាចនឹងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីជិ (Sanae Takaichi) ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការរៀបចំការបោះឆ្នោតជាសកលមុនកាលកំណត់ គឺនៅថ្ងៃទី០៨ ឬថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ លោក ហ៊ីរ៉ូហ្វូមិ យ៉ូស៊ីមូរ៉ា (Hirofumi Yoshimura) មេដឹកនាំគណបក្សដៃគូចម្រុះជប៉ុន បានកត់សម្គាល់ថា គោលជំហររបស់លោកស្រី តាកាអ៊ីជិ ចំពោះពេលវេលានៃការបោះឆ្នោតនេះហាក់ដូចជាបានចូលដល់ដំណាក់កាលថ្មីមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីពេលថ្មីៗនេះ។ ខណៈដែលលោកស្រី តាកាអ៊ីជិ នៅតែស្ងៀមស្ងាត់អំពីកាលបរិច្ឆេទជាក់លាក់ក្នុងអំឡុងពេលសម្ភាសន៍ថ្មីៗនេះ ការរំពឹងទុកទាក់ទងនឹងការបោះឆ្នោតបានធ្វើឱ្យប្រាក់យ៉េនធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
លោកស្រី តាកាអ៊ីជិ បានសង្កត់ធ្ងន់ថា អាទិភាពបច្ចុប្បន្នរបស់លោកស្រី គឺការអនុវត្តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានចំនួន ៧៨៣ពាន់លានដុល្លារអាម៉េរិក និងការអនុម័តថវិកាសារពើពន្ធនាពេលខាងមុខ។ក្នុងនាមជាអ្នកតស៊ូមតិសម្រាប់ការចំណាយរបស់រដ្ឋាភិបាលដ៏សំខាន់លោកស្រីបាននិយាយថា លោកស្រីចង់ឱ្យសាធារណជនមានអារម្មណ៍ថាទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគោលនយោបាយរបស់លោកស្រីក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ លោកស្រីបានណែនាំគណៈរដ្ឋមន្ត្រីរបស់លោកស្រីឱ្យធានាថា វិធានការសេដ្ឋកិច្ចទាំងនេះត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកនៃការបោះឆ្នោតនៅក្នុងខែកុម្ភៈខាងមុខ បានជួបប្រទះនឹងការរិះគន់ពីមេដឹកនាំគណបក្សប្រឆាំង រួមទាំងប្រធានគណបក្សកូមៃតូ គឺលោក តេតស៊ូ សៃតូ (Tetsuo Saito)។ លោកបានព្រមានថា ការរំលាយសភានៅចុងខែមករា នឹងធ្វើឱ្យមិនអាចអនុម័តថវិកាជាតិនៅចុងឆ្នាំសារពើពន្ធបាន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងអំឡុងពេល «ដំណាក់កាលដ៏សំខាន់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





