ក្រុមហាម៉ាសប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់អភិបាលកិច្ចទៅលើតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- ក្រុមហាម៉ាសបានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សាទៅឱ្យគណៈកម្មាធិការបច្ចេកទេសឯករាជ្យមួយ ដែលជាផ្នែកមួយនៃផែនការនៃបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក តួកគី និងបណ្តាប្រទេសនៅអារ៉ាប់។ អ្នកនាំពាក្យ លោក ហាហ្សេម កាសសេម (Hazem Qassem) បានបញ្ជាក់ពីសេចក្តីសម្រេចច្បាស់លាស់មួយ ដើម្បីរំលាយអង្គភាពរដ្ឋាភិបាលបច្ចុប្បន្ន និងផ្ទេរភារកិច្ចរដ្ឋបាលទៅឱ្យស្ថាប័នថ្មីនេះ។ឥឡូវនេះ ក្រុមនេះកំពុងអំពាវនាវឱ្យគណៈកម្មាធិការនេះត្រូវបានបង្កើតឡើងជាផ្លូវការ និងចាប់ផ្តើមការងាររបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការវិវត្តនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអ្នកការទូតប៊ុលហ្គារី លោក នីកូឡាយ ម្ល៉ាដេណូវ (Nickolay Mladenov) ដែលកំពុងត្រូវបានពិចារណាឱ្យដឹកនាំស្ថាប័នប្រតិបត្តិដែលបានស្នើឡើងនេះ។ ខណៈដែលក្រុមហាម៉ាសហាក់ដូចជាមានឆន្ទៈក្នុងការប្រគល់ការគ្រប់គ្រងស៊ីវិលអ៊ីស្រាអែលនៅតែបន្តទាមទារឱ្យមានការរំសាយអាវុធទាំងស្រុងរបស់ក្រុមនេះ និងការរំសាយយោធានៃតំបន់នោះ។ តាមប្រវត្តិសាស្ត្រ ក្រុមហាម៉ាសបានបដិសេធមិនព្រមប្រគល់អាវុធរបស់ខ្លួនទេ លុះត្រាតែអ៊ីស្រាអែលបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន។
អ្នកវិភាគបានលើកឡើងថា ការផ្តល់ជូនរបស់ក្រុមហាម៉ាសនេះ គឺជាចលនាយុទ្ធសាស្ត្រមួយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលចូលទៅក្នុងដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ដោយផ្តល់ឱ្យក្រុមនេះនូវកន្លែងដកដង្ហើម ដើម្បីប្រមូលផ្តុំគ្នាឡើងវិញបន្ទាប់ពីមានជម្លោះដ៏បំផ្លិចបំផ្លាញមួយ។ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាមានលើសពី ៧១.០០០នាក់។ ទោះបីជាបទឈប់បាញ់បានកាត់បន្ថយការវាយប្រហារទ្រង់ទ្រាយធំក៏ដោយ ក៏តំបន់នេះនៅតែមានភាពប្រែប្រួលខណៈដែលភាគីទាំងពីរកំពុងចរចាអំពីអនាគតនៃសន្តិសុខ និងរដ្ឋបាលរបស់តំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





