ស្នងការសហភាពអឺរ៉ុបបញ្ជាក់សារជាថ្មីអំពីសន្តិសុខនៅកោះហ្គ្រីនលែនដ៍ ដោយព្រមានថា ការកាន់កាប់របស់សហរដ្ឋអាមេរិកនឹងបញ្ចប់អង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- លោក អេនដ្រាយអឺស គូប៊ីឡាយអឺស (Andrius Kubilius) ស្នងការការពារជាតិ និងអវកាសរបស់សហភាពអឺរ៉ុប បានព្រមានថា ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកកោះហ្រ្គីនលែនដ៍ (Greenland) ដោយបង្ខំនឹងបណ្តាលឱ្យមានការបញ្ចប់នៃអង្គការណាតូ និងបង្កឱ្យមានការបែកបាក់ដ៏មហន្តរាយនៅក្នុងទំនាក់ទំនងអន្តរអាត្លង់ទិក។ ថ្លែងនៅក្នុងសន្និសីទសន្តិសុខមួយនៅប្រទេសស៊ុយអែត លោក គូប៊ីឡាយអឺស បានបង្ហាញនូវការព្រួយបារម្ភពីថ្នាក់ដឹកនាំរបស់ដាណឺម៉ាក និងស៊ុយអែត ដោយលោកបានសង្កត់ធ្ងន់ថាទង្វើឈ្លានពានបែបនេះនឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តរជាតិ។
ខណៈដែលលោក គូប៊ីឡាយអឺស មិនជឿថា ការឈ្លានពានរបស់សហរដ្ឋអាមេរិកខិតជិតមកដល់នោះ លោកបានកត់សម្គាល់ថា សហភាពអឺរ៉ុបមានកាតព្វកិច្ចក្រោមមាត្រា៤២.៧ នៃសន្ធិសញ្ញារបស់ខ្លួន ដើម្បីផ្តល់ជំនួយទៅវិញទៅមកដល់រដ្ឋជាសមាជិកដែលប្រឈមមុខនឹងការឈ្លានពានប្រដាប់អាវុធ។ តាមសំណើរបស់ប្រទេសដាណឺម៉ាក ប្លុកនេះអាចជំរុញសន្តិសុខរបស់កោះហ្រ្គីនលែនដ៍ ដោយការដាក់ពង្រាយកងទ័ព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងវត្តមានកងទ័ពជើងទឹក និងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើកជាដើម។ នៅក្នុងនោះដែរ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្តឺសសុន (Ulf Kristersson) ក៏បានសន្យាគាំទ្រប្រទេសដាណឺម៉ាកផងដែរ ដោយលោកបានរិះគន់ចំពោះវោហាសាស្ត្រគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន។
ភាពតានតឹងផ្នែកការទូតនេះ កើតចេញពីការអះអាងម្តងហើយម្តងទៀតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចាប់តាំងពីខែមករា ឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិកត្រូវតែ «ជាម្ចាស់» កោះហ្គ្រីនលែនដ៍ ដោយថែមទាំងបានណែនាំឱ្យប្រើប្រាស់ការបង្ខិតបង្ខំខាងយោធា ឬសេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅនេះ។ ទោះបីជាកោះហ្គ្រីនលែនដ៍ និងដាណឺម៉ាក បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទឹកដីនេះមិនមែនសម្រាប់លក់ក៏ដោយ ក៏ការតែងតាំងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំកោះហ្គ្រីនលែនដ៍ បានធ្វើឱ្យមានការភ័យខ្លាចឡើងវិញ។ មន្ត្រីមកពីប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក គ្រោងនឹងជួបគ្នានៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើនឡើងនេះ៕





