អាហ្វហ្គានីស្ថានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសឡើយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក ហ្សាប៊ីហ៊ុលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងបទសម្ភាសន៍មួយថា ប្រទេសអាហ្វហ្គានីស្ថានមិនទទួលយកវត្តមានយោធាបរទេសណាមួយឡើយហើយនឹងមិនដែលប្រគល់មូលដ្ឋានទ័ពអាកាស Bagram ទៅឱ្យសហរដ្ឋអាមេរិកឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមកំហែងកាលពីឆ្នាំមុនថា នឹងកាន់កាប់មូលដ្ឋានទ័ពអាកាសBagram ឡើងវិញដែលមានទីតាំងប្រហែល ៥០គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
លោក មូចាហ៊ីដ បាននិយាយនៅក្នុងបទសម្ភាសន៍ថា «មូលដ្ឋានទ័ពអាកាស Bagram គឺជាផ្នែកសំខាន់មួយនៃទឹកដីអាហ្វហ្គានីស្ថាន ហើយយើងនឹងមិនអនុញ្ញាតឱ្យយោធារបស់ប្រទេសផ្សេងទៀតឈរជើងនៅលើទឹកដីអាហ្វហ្គានីស្ថានឡើយ។ យើងបានបញ្ជាក់ជំហរនេះម្តងហើយម្តងទៀត»។
លើកចុងក្រោយដែលលោក មូចាហ៊ីដ បានសម្តែងទស្សនៈស្រដៀងគ្នានេះគឺនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងកាប៊ុលកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំមុន នៅពេលដែលលោកបានកត់សម្គាល់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានមានឆន្ទៈចូលរួមក្នុងការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយសង្ឃឹមថា «សហរដ្ឋអាមេរិកនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងកាប៊ុល និងចាប់ផ្តើមការចូលរួមជាវិជ្ជមានតាមរយៈបណ្តាញការទូតជាជាងទទូចឱ្យផ្តោតលើមូលដ្ឋានទ័ពអាកាស Bagram»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





