សភាអឺរ៉ុបហាមឃាត់អ្នកការទូតអ៊ីរ៉ង់មិនឱ្យចូលក្នុងបរិវេណរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- លោកស្រី រ៉ូបឺតា មេតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុប បានមានប្រសាសន៍កាលពីថ្ងៃចន្ទថាលោកស្រីបានបញ្ជាឱ្យហាមឃាត់បុគ្គលិកការទូតទាំងអស់ និងតំណាងផ្សេងទៀតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មិនឱ្យចូលទៅក្នុងបរិវេណសភាអឺរ៉ុបណាមួយឡើយ។
ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីការតវ៉ាដែលបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីចុងខែមុន និងបានកើនឡើងដល់ភាពចលាចលទូទាំងប្រទេស ចំពេលមានរបាយការណ៍អំពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងអ្នកតវ៉ា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានឱ្យដឹងថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់ចំនួន ១១១នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនេះ។ តួលេខអ្នកស្លាប់ និងរបួសសម្រាប់ក្រុមបាតុករមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





