អង្គការ UNICEF ៖ កុមារជាង ១០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- យោងតាមអ្នកនាំពាក្យរបស់មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃអង្គារថា កុមារជាង ១០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ចូលជាធរមានចាប់តាំងពីខែតុលា ឆ្នាំ ២០២៥។
លោក ជេមស៍ អែលដឺ (James Elder) បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិតាមរយៈតំណភ្ជាប់វីដេអូពីតំបន់ហ្គាហ្សាថា ទីភ្នាក់ងារនេះបានកត់ត្រារបាយការណ៍អំពីក្មេងប្រុសយ៉ាងហោចណាស់ ៦០នាក់ និងក្មេងស្រី ៤០នាក់ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។
លោកបានបន្ថែមថា «ការរស់រានមានជីវិតនៅតែមានលក្ខខណ្ឌ។ខណៈពេលដែលការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបានថយចុះក្នុងអំឡុងពេលបទឈប់បាញ់ តែពួកគេមិនបានឈប់ទេ»។
លោក អេលដឺ បាននិយាយថា តួលេខនេះរួមបញ្ចូលតែឧប្បត្តិហេតុដែលមានព័ត៌មានលម្អិតគ្រប់គ្រាន់ដើម្បីកត់ត្រា ដូច្នេះចំនួនពិតប្រាកដរបស់កុមារប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះដោយលោកបានបន្ថែមថា កុមាររាប់រយនាក់បានរងរបួស។
អ៊ីស្រាអែលបានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយចូលជាធរមាន ក្នុងអំឡុងពេលដែលអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍ពីការស្លាប់របស់ប៉ាឡេស្ទីនជាង ៤០០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





