ចិនស្វាគមន៍សហគ្រាសបរទេស និងមានដើមទុនរយៈពេលវែង ដើម្បីបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីចិន លោកហេ លីហ្វេង (He Lifeng) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសចិនស្វាគមន៍សហគ្រាសបរទេស រួមទាំងក្រុមហ៊ុន Warburg Pincus និងមានដើមទុនរយៈពេលវែង ដើម្បីបន្តពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន។
លោក ហេ ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក ទីម៉ូធី ហ្គេតណឺ (Timothy Geithner) ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន Warburg Pincus។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសចិនកំពុងអនុវត្តន៍យ៉ាងពេញលេញនូវគោលការណ៍ណែនាំនៃសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការកណ្តាល CPC លើកទី២០ ស្របតាមការផ្តល់យោបល់ និងការរៀបចំនៃផែនការរយៈពេលប្រាំឆ្នាំលើកទី១៥ និងជំរុញការកសាងទីផ្សារបង្រួបបង្រួមជាតិ ពង្រីកការបើកចំហកម្រិតកំពូលដោយមិនងាករេ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់។
ចំពោះលោក ហ្គេតណឺ វិញ បានមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនហើយក្រុមហ៊ុន Warburg Pincus មានឆន្ទៈក្នុងការបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារចិន និងលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





