លោក លី ៖កូរ៉េខាងត្បូង និងជប៉ុន គួរតែស្វែងយល់ពីកិច្ចសហប្រតិបត្តិការថ្មីៗដើម្បីពង្រឹងចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន គឺជាដៃគូសំខាន់ៗដែលចែករំលែកតម្លៃរួម និងមានកិច្ចសហប្រតិបត្តិការជាច្រើនផ្នែកដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត។
លោក លី បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK របស់ប្រទេសជប៉ុន មុនពេលលោកធ្វើដំណើរទៅកាន់ខេត្តណារ៉ា របស់ប្រទេសជប៉ុន ដើម្បីពិភាក្សាកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រី លោកស្រី សានេ តាកៃជី (Sanae Takaichi)នៅថ្ងៃអង្គារ និងថ្ងៃពុធ។
លោក លី បានមានប្រសាសន៍ថា «នៅក្នុងស្ថានភាពស្មុគស្មាញដែលតំបន់អាស៊ីឦសានកំពុងប្រឈមមុខ កូរ៉េ និងជប៉ុនមានសារៈសំខាន់ខ្លាំងណាស់ចំពោះគ្នាទៅវិញទៅមក ដោយពួកគេចែករំលែកតម្លៃ និងទិសដៅរួម ហើយគួរតែបំពេញបន្ថែមចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក»។
កិច្ចប្រជុំនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក លី ទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បន្ទាប់ពីការកត់សម្គាល់របស់លោកស្រី តាកៃជី លើកោះតៃវ៉ាន់។
ទាក់ទងនឹងការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូងពីខេត្តចំនួន ៨របស់ប្រទេសជប៉ុន លោក លី បាននិយាយថា បញ្ហានេះត្រូវដោះស្រាយ «ក្នុងរយៈពេលវែង» ព្រោះវាទាមទារការជឿទុកចិត្តពីប្រជាជនកូរ៉េ ហើយដូច្នេះមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីនោះទេ។
លោក លី បាននិយាយថា បញ្ហានេះគឺជាធាតុសំខាន់មួយនៅក្នុងរបៀបវារៈការទូតរបស់ទីក្រុងសេអ៊ូល ខណៈដែលខ្លួនស្វែងរកការគាំទ្រពីទីក្រុងតូក្យូសម្រាប់ការដេញថ្លៃរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
CPTPP គឺជាកតិកាសញ្ញាពាណិជ្ជកម្មពហុភាគីដែលដឹកនាំដោយប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន ១២ប្រទេស រួមទាំងប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





