ចិន និងឡេសូតូ សន្យាជំរុញភាពជាដៃគូយុទ្ធសាស្ត្រដល់កម្រិតខ្ពស់ជាងមុន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រទេសឡេសូតូ និងប្រទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុន និងធ្វើឱ្យវាក្លាយជាគំរូនៃការផ្លាស់ប្តូរមិត្តភាព និងការអភិវឌ្ឍរួមរវាងប្រទេសដែលមានលក្ខខណ្ឌជាតិ និងប្រព័ន្ធផ្សេងៗគ្នា។
សេចក្តីប្រកាសព័ត៌មាននេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេស និងទំនាក់ទំនងអន្តរជាតិ លោក ឡេចូនេ ប៉តចូអាណា (Lejone Mpotjoana) នៅទីក្រុងម៉ាសេរូ រដ្ឋធានីនៃប្រទេសឡេសូតូ។ លោក វ៉ាងដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានទៅទស្សនាប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងអំឡុងពេលនោះលោកបានជួបជាមួយសមភាគីរបស់លោក គឺលោក ប៉តចូអាណា ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានលើកឡើងយ៉ាងច្រើនអំពីសមិទ្ធផលក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយសេចក្តីប្រកាសបន្ថែមថា ភាគីទាំងពីរបានព្រមព្រៀងគ្នាគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់ធំៗ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា ប្រទេសឡេសូតូគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបួនដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) និងកោតសរសើរសម្រាប់ស្ថិរភាព និងភាពប្រាកដប្រជាទៅក្នុងពិភពលោក។
ប្រទេសឡេសូតូបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ និងការទទួលស្គាល់ថាមានតែប្រទេសចិនមួយប៉ុណ្ណោះនៅក្នុងពិភពលោក កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានចេញពីទឹកដីរបស់ប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ ប្រទេសចិនសាទរចំពោះវឌ្ឍនភាពថ្មីដែលប្រទេសឡេសូតូបន្តសម្រេចបាននៅក្នុងដំណើរការកែទម្រង់ជាតិរបស់ខ្លួន និងគាំទ្រប្រទេសឡេសូតូក្នុងការរក្សាអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាប្រឆាំងនឹងទណ្ឌកម្មឯកតោភាគី ការការពារនិយម និងអនុត្តរភាពសេដ្ឋកិច្ចលើកកម្ពស់ពិភពលោកពហុប៉ូលដែលមានសមភាព និងមានសណ្តាប់ធ្នាប់និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាសកល និងរួមបញ្ចូល បង្កើតប្រព័ន្ធគ្រប់គ្រងពិភពលោកដែលមានយុត្តិធម៌ និងសមធម៌ជាងមុន និងកសាងពិភពលោកដែលបើកចំហ រួមបញ្ចូល និងស្រស់ស្អាតនៃសន្តិភាពយូរអង្វែង សន្តិសុខជាសកល និងវិបុលភាពរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





