នាយករដ្ឋមន្ត្រីកាណាដានឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនដោយនាយករដ្ឋមន្ត្រីកាណាដាក្នុងរយៈពេល៨ឆ្នាំ ហើយភាគីចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកស្រី ម៉ៅ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រថ្មីសម្រាប់ការកែលម្អ និងការអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា បន្ថែមទៀត។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក ហ្សៅ ឡេជី (Zhao Leji) នឹងធ្វើកិច្ចពិភាក្សា និងកិច្ចប្រជុំដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកាណាដា ដើម្បីធ្វើការផ្លាស់ប្តូរដ៏ទូលំទូលាយ និងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោកស្រី ម៉ៅ បានកត់សម្គាល់ថា «ការអភិវឌ្ឍដ៏រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងចិន-កាណាដា បានបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងប្រជាជនរបស់ពួកគេ ហើយក៏រួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោកផងដែរ»។
អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះដើម្បីបង្កើនការសន្ទនា និងការទំនាក់ទំនង បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ដោះស្រាយកង្វល់របស់គ្នា និងពង្រឹងសន្ទុះនៃការកែលម្អទំនាក់ទំនងចិន-កាណាដា ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





