មន្ត្រីអាម៉េរិក និងដាណឺម៉ាក នឹងជួបពិភាក្សាគ្នាអំពីបញ្ហាតំបន់ហ្រ្គីនលែនដ៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះដោយបានដកស្រង់ប្រភពការទូតបានឱ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងដាណឺម៉ាកកំពុងមានគម្រោងរៀបចំកិច្ចពិភាក្សានៅក្នុងសប្តាហ៍នេះ ស្តីពីបញ្ហាកោះហ្គ្រីនលែនដ៍ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យគ្រប់គ្រងទឹកដីយុទ្ធសាស្ត្រអាកទិកពីប្រទេសដាណឺម៉ាក។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS News ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃពុធ គឺធ្វើឡើងបន្ទាប់ពីការកត់សម្គាល់កាលពីសប្តាហ៍មុនរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលត្រូវបានគេរាយការណ៍ថា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបិទទ្វារមួយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មានចំណាប់អារម្មណ៍ក្នុងការទិញយកទឹកដីដាណឺម៉ាក។
នៅថ្ងៃអង្គារនេះ សេតវិមានបាននិយាយថា មន្ត្រីកំពុងពិចារណាទៅលើជម្រើសជាច្រើនដើម្បីទទួលបានកោះហ្គ្រីនលែនដ៍ រួមទាំងការប្រើប្រាស់កម្លាំងយោធាដែលអាចកើតមានផងដែរ។
សមាជិកព្រឹទ្ធសភាអាម៉េរិក លោក ទីម គែន (Tim Kaine) ដែលបានជួបជាមួយមន្ត្រីដាណឺម៉ាកកាលពីសប្តាហ៍មុន បាននិយាយថា លោកជឿជាក់ថា អ្នកតាក់តែងច្បាប់មកពីគណបក្សទាំងពីរនឹងមកជួបជុំគ្នាដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងយោធាណាមួយដើម្បីដណ្តើមយកកោះហ្គ្រីនលែនដ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





