អ្នកការទូតកំពូលអាម៉េរិក និងម៉ិកស៊ិកូ ពិភាក្សាអំពីវិធានការប្រឆាំងនឹងការជួញដូរគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio)និងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកូ លោក ជូន រ៉ាម៉ុន ដឺ ឡា ហ្វឺនតេ (Juan Ramon de la Fuente) បានពិភាក្សាគ្នាកាលពីពេលថ្មីៗនេះអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជួញដូរគ្រឿងញៀន។
ក្រសួងការបរទេសអាម៉េរិកបាននិយាយថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីររូបបានពិភាក្សាគ្នាអំពី«តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ដើម្បីរុះរើបណ្តាញភេរវករគ្រឿងញៀនដ៏ហិង្សារបស់ប្រទេសម៉ិកស៊ិកូ និងបញ្ឈប់ការជួញដូរថ្នាំញៀនហ្វេនតានីល និងអាវុធ»។
ក្រសួងការបរទេសអាម៉េរិកបានបន្ថែមថា លោក រូប៊ីអូ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ភេរវកម្មគ្រឿងញៀន និងបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់លទ្ធផលជាក់ស្តែងដើម្បីការពារមាតុភូមិ និងអឌ្ឍគោលរបស់យើង។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិកូលោកស្រី ក្លូឌៀ ស្សេនបឺម (Claudia Sheinbaum) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ(Donald Trump) បាននិយាយថា លោកនឹងបើកការវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀននៅទូទាំងព្រំដែនភាគខាងត្បូងក្នុងពេលឆាប់ៗនេះ។
លោកស្រី ស្សេនបឺម បាននិយាយថា «យើងនឹងពង្រឹងការទំនាក់ទំនងដែលជាមូលហេតុដែលខ្ញុំបានស្នើសុំឱ្យលោក ជូន រ៉ាម៉ុន ដឺ ឡា ហ្វឺនតេ ជួបជាមួយរដ្ឋមន្ត្រីការបរទេស (សហរដ្ឋអាមេរិក)។ យើងមានក្រុមការងារមួយដូច្នេះយើងនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត»។
នៅក្នុងការបង្ហោះដាច់ដោយឡែកមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់អាម៉េរិក ក្រសួងការបរទេសម៉ិកស៊ិកូបាននិយាយថា លោក ដឺ ឡា ហ្វឺនតេ បានធ្វើការហៅទូរស័ព្ទជាមួយលោក រូប៊ីអូ ដើម្បីតាមដានកម្មវិធីសហប្រតិបត្តិការសន្តិសុខព្រំដែន និងការអនុវត្តច្បាប់។
វាបានកត់សម្គាល់ថា ការហៅទូរស័ព្ទនេះបានកើតឡើងតាមការណែនាំរបស់លោកស្រី ស្សេនបឺម ក្រោមគោលការណ៍នៃការគោរពដោយគ្មានការរឹតត្បិតចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីការទទួលខុសត្រូវរួមគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហការដោយគ្មានការចុះចូល។
បន្ទាប់ពីប្រតិបត្តិការយោធាអាម៉េរិកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលនាំឱ្យមានការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) លោក ដូណាល់ ត្រាំបាននិយាយថា ម៉ិកស៊ិកូ គឺជាក្រុមបន្ទាប់សម្រាប់ការវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





