ចំនួនអ្នកស្លាប់កើនឡើងដល់ ៨នាក់ក្នុងករណីផ្ទុះឧស្ម័ននៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- យោងតាមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឧស្ម័ននៅផ្ទះរៀបអាពាហ៍ពិពាហ៍មួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៨នាក់ រួមទាំងគូស្វាមីភរិយាថ្មីថ្មោងមួយគូខណៈដែលមនុស្ស ១១នាក់ផ្សេងទៀតបានរងរបួស។
លោក អ៊ីហ្វាន ណាវ៉ាហ្ស ម៉េម៉ុន (Irfan Nawaz Memon) អនុប្រធានស្នងការទីក្រុងអ៊ីស្លាម៉ាបាដ បានមានប្រសាសន៍ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងលំនៅដ្ឋានមួយជាកន្លែងដែលពិធីមង្គលការមួយកំពុងប្រព្រឹត្តទៅបានបង្កឱ្យមានការភ័យស្លន់ស្លោ និងបំផ្លាញរចនាសម្ព័ន្ធនៅក្បែរនោះ។
មន្ត្រីរូបនោះបាននិយាយថា «រហូតមកដល់ពេលនេះ មនុស្ស ១៩នាក់ដែលជាប់នៅក្រោមកម្ទេចកម្ទីត្រូវបានជួយសង្គ្រោះ» ដោយលោកបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
មន្ត្រីជួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មានផ្ទះចំនួន៤ខ្នងនៅក្នុងតំបន់ជុំវិញនោះបានរងផលប៉ះពាល់ដោយការផ្ទុះនេះ។ អាជ្ញាធរបាននិយាយថា មូលហេតុពិតប្រាកដនៃការផ្ទុះនឹងត្រូវបានកំណត់បន្ទាប់ពីការស៊ើបអង្កេតយ៉ាងលម្អិត។
លោក យូសូហ្វ រ៉ាហ្សា ជីឡានី (Yusuf Raza Gilani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្តែងការសោកសៅយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលពិធីមង្គលការមួយ ដោយហៅពិធីនេះថា«គួរឱ្យសោកសៅ» ខណៈដែលការប្រារព្ធពិធីបានប្រែក្លាយទៅជាការកាន់ទុក្ខសម្រាប់គ្រួសារមួយ។
លោកបានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារដែលបាត់បង់ជីវិត និងបានសម្តែងការព្រួយបារម្ភចំពោះការផ្ទុះធុងហ្គាសដដែលៗដោយជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធអនុវត្តន៍វិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងធានាការអនុវត្តតាមច្បាប់ និងបង្កើនការយល់ដឹងរបស់សាធារណជនដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





