ចិន និងតង់ហ្សានី បញ្ជាក់ជាថ្មីនូវមិត្តភាពយូរអង្វែង និងសន្យាធ្វើសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍ថា ប្រទេសចិន និងប្រទេសតង់ហ្សានី គឺជាមិត្តភក្តិដែលមានអនាគតរួមគ្នា ហើយមិត្តភាពដែលបង្កើតឡើងដោយមេដឹកនាំជំនាន់មុននៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រទេសទាំងពីរ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីតង់ហ្សានី លោកស្រី សាមៀ ស៊ូលូហ៊ូ ហាសសាន់ (Samia Suluhu Hassan) នៅទីក្រុងដារអេសសាឡាមប្រទេសតង់ហ្សានី។
លោក ហាសសាន់ បានស្នើសុំលោក វ៉ាង ឱ្យនាំយកការសួរសុខទុក្ខនិងបំណងប្រាថ្នាឆ្នាំថ្មីរបស់លោកទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ លោកស្រីបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ប្រទេសតង់ហ្សានី ក្រោមក្របខ័ណ្ឌនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។
លោកស្រី ហាសសាន់ បានមានប្រសាសន៍ថា ភាគីតង់ហ្សានីប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះគោលការណ៍ចិនតែមួយ ដោយលោកស្រីបន្ថែមថាប្រទេសតង់ហ្សានីបានត្រៀមខ្លួនរួចជាស្រេចអភិវឌ្ឍន៍ជាមួយប្រទេសចិនពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការរស់ឡើងវិញនៃផ្លូវដែកតង់ហ្សានី-ហ្សំប៊ី និងការកសាងខ្សែក្រវ៉ាត់វិបុលភាពក្នុងតំបន់ ពង្រឹងការផ្លាស់ប្តូរ និងពង្រីកអន្តរកម្មរវាងប្រជាជន និងប្រជាជន និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនទាំងពីរ។
លោក វ៉ាង បានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែរួមគ្នាបន្តមិត្តភាពនេះ និងបន្តពង្រឹងវាជាមួយនឹងអត្ថន័យថ្មីៗនៃសម័យកាល ដោយលោកបានបន្ថែមថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសតង់ហ្សានី ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការផ្លាស់ប្តូរប្រជាជន និងជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។
លោក វ៉ាង បានបន្ថែមថា ប្រទេសចិនគាំទ្រប្រទេសតង់ហ្សានីក្នុងការដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសតង់ហ្សានី និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីក្លាយជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅក្នុងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





