ស្ថានភាពនៅវេណេស៊ុយអេឡាមានស្ថិរភាព ដោយអាជ្ញាធររក្សាសណ្តាប់ធ្នាប់សាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡាមានស្ថិរភាពល្អណាស់ ដោយអាជ្ញាធរមានទំនុកចិត្តក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។ នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសវេណេស៊ុយអេឡា លោក ស៊ែរហ្គេយ មើលីក-បាដដាសារ៉ូវ (Sergey Melik-Bagdasarov) បាននិយាយនៅទូរទស្សន៍ Solovyov Live។
លោកបាននិយាយថា «តាមពិតទៅ ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមានស្ថិរភាពណាស់ អាជ្ញាធរគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈដោយទំនុកចិត្ត»។
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល ពីនតូ (Yvan Gil Pinto) បានប្រកាសថាសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅស៊ីវិល និងយោធានៅទីក្រុងការ៉ាកាស។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននោះថា ជាការឈ្លានពានយោធា។ ការដាក់រដ្ឋក្នុងគ្រាអាសន្ននៅក្នុងប្រទេសវេណេស៊ុយអេឡាត្រូវបានដាក់ចេញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសធំៗប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដោយលោកបានបន្ថែមថាលោក ម៉ាឌូរ៉ូ និងភរិយារបស់លោកត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





