យន្តហោះចម្បាំងអាម៉េរិកវាយប្រហារទីតាំងចំនួន៣៥ របស់រដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- យន្តហោះរបស់កងទ័ពអាកាសអាម៉េរិកបានធ្វើការវាយប្រហារប្រឆាំងនឹងទីតាំងចំនួន៣៥ របស់ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) នៅលើទឹកដីនៃប្រទេសស៊ីរី។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ Al Arabiya។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នោះ បានឱ្យដឹងថា យន្តហោះចម្បាំងជាង២០គ្រឿងបានវាយប្រហារទីតាំងភេរវករនៅក្នុងប្រទេសស៊ីរី ដោយបាញ់គ្រាប់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ប្រហែល ៩០គ្រាប់ទៅលើគោលដៅរបស់ក្រុមភេរវករ IS។
អ្នកផ្សាយទូរទស្សន៍បានកត់សម្គាល់ថា បន្ថែមពីលើយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនោះ កងទ័ពអាកាសហ្ស៊កដានីក៏បានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ IS នោះដែរ ដោយប្រើយន្តហោះចម្បាំងF-16 ។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ពីមុននៅលើគណនីបណ្តាញសង្គមអ៊ិចរបស់ខ្លួនថា «កងកម្លាំងរបស់ខ្លួន រួមជាមួយកងកម្លាំងដៃគូ បានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅក្រុមភេរវករ ISIS ជាច្រើននៅទូទាំងប្រទេសស៊ីរី»។
យោងតាមសេចក្តីថ្លែងការណ៍របស់ CENTCOM បានឱ្យដឹងថា «ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃប្រតិបត្តិការ Hawkeye Strike ដែលត្រូវបានចាប់ផ្តើម និងប្រកាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ តាមការណែនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)ដើម្បីឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារដ៏សាហាវរបស់ក្រុមភេរវករ ISIS ទៅលើកងកម្លាំងអាម៉េរិក និងស៊ីរីនៅ Palmyra ប្រទេសស៊ីរីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥»។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរបញ្ចកោណបានរាយការណ៍ថាទាហានឆ្មាំជាតិអាម៉េរិកចំនួន ២នាក់ និងអ្នកបកប្រែជនជាតិអាម៉េរិកម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលឧប្បត្តិហេតុនៅ Palmyra ភាគកណ្តាលនៃខេត្តHoms របស់ប្រទេសស៊ីរី។
យោងតាមភាគីសហរដ្ឋអាមេរិក បានឱ្យដឹងថា ពួកគេបានជួយប្រតិបត្តិការពិសេសប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅក្នុងតំបន់។ មិនយូរប៉ុន្មាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថា ការសងសឹកនឹងកើតឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





