លោក ដូណាល់ ត្រាំ៖ ប្រទេសគុយបានឹងលែងទទួលបានប្រេង ឬប្រាក់ទៀតហើយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា ប្រទេសគុយបានឹងលែងទទួលបានប្រេង ឬប្រាក់ទៀតហើយ។
លោកបានសរសេរនៅលើវេទិកា Truth Social ថា «នឹងលែងមានប្រេង ឬប្រាក់ចូលទៅកាន់ប្រទេសគុយបាទៀតហើយ គឺសូន្យ! ខ្ញុំសូមណែនាំយ៉ាងមុតមាំឱ្យពួកគេធ្វើកិច្ចព្រមព្រៀងមួយ មុនពេលវាយឺតពេល»។
លោក ត្រាំ ក៏បានលើកឡើងផងដែរអំពីប្រទេសវេណេស៊ុយអេឡាដោយលោកបាននិយាយថា ប្រទេសនេះ ឥឡូវនេះមានសហរដ្ឋអាមេរិកដើម្បីការពារ។
ដោយធ្វើអត្ថាធិប្បាយចំពោះការបង្ហោះរបស់អ្នកប្រើប្រាស់ម្នាក់ដែលនិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក «លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នឹងក្លាយជាប្រធានាធិបតីនៃប្រទេសគុយបា» នោះ លោក ត្រាំ បាននិយាយថា «ស្តាប់ទៅល្អដែរសម្រាប់ខ្ញុំ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





