ឥណ្ឌូណេស៊ីរាយការណ៍ពីករណីស្លាប់ដំបូងដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយធំធ្ងន់ធ្ងរ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ពីករណីស្លាប់ដំបូងដែលជាប់ទាក់ទងនឹងជំងឺគ្រុនផ្តាសាយធំធ្ងន់ធ្ងរ (super flu) នៅក្នុងទីក្រុងបាន់ឌុង ខេត្តជ្វាខាងលិច។
ពាក្យថាគ្រុនផ្តាសាយធំធ្ងន់ធ្ងរសំដៅទៅលើជំងឺគ្រុនផ្តាសាយ H3N2 ប្រភេទ A ដែលបានរីករាលដាលទូទាំងពិភពលោកចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២៥។ ជំងឺគ្រុនផ្តាសាយធំធ្ងន់ធ្ងរ (Subclade K) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីខែសីហាឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកវាត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង ៨០។
លោកស្រី យ៉ូវីតា ហាតាន់ទ្រី (Yovita Hartantri) ប្រធានក្រុមជំងឺឆ្លងថ្មី និងជំងឺដែលកំពុងកើតឡើងវិញនៅមន្ទីរពេទ្យតំបន់ហាសាន់ សាឌីគីន(Hasan Sadikin) ក្នុងទីក្រុងបាន់ឌុង បាននិយាយថា មន្ទីរពេទ្យបានព្យាបាលអ្នកជំងឺចំនួន ១០នាក់ដែលមានជំងឺគ្រុនផ្តាសាយធំធ្ងន់ធ្ងរប្រភេទ A (subclade K) នៅចន្លោះពីខែកញ្ញា និងខែវិច្ឆិកា ឆ្នាំមុន។ អ្នកជំងឺបានបង្ហាញរោគសញ្ញាជាច្រើន ដោយយ៉ាងហោចណាស់ មានជំងឺ ៣នាក់បានវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ។
លោកស្រី យ៉ូវីតា បានបន្ថែមថា អ្នកជំងឺម្នាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្នែកសង្រ្គោះបន្ទាន់ ហើយបានទទួលមរណភាព ប៉ុន្តែការស្លាប់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរួមគ្នាជាច្រើនមុខ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង និងការឆ្លងមេរោគក្នុងតម្រងនោមជាដើម។
អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីកំពុងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពរោគរាតត្បាតនេះ ខណៈដែលជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្រុមដែលមានហានិភ័យខ្ពស់ ដូចជាកុមារមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព និងមានជំងឺរ៉ាំរ៉ៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





