ហ្វីលីពីនប្រញាប់ប្រញាល់ស្វែងរកអ្នកដែលបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅទីលានចាក់សំរាម
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីនកំពុងប្រញាប់ប្រញាល់ស្វែងរកមនុស្សរាប់សិបនាក់ ដែលនៅតែបាត់ខ្លួនបន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីនៅកន្លែងចាក់សំរាមមួយ ដែលបានកើតឡើងនៅក្នុងទីក្រុងសេប៊ូកាលពីពេលថ្មីៗនេះ។
មនុស្សបួននាក់ត្រូវបានបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះខណៈដែលកម្មកររាប់សិបនាក់នៅតែបាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះបានប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងដោយសារតែបរិមាណសំរាមដ៏ច្រើន។លើសពីនេះទៀត សំរាមដែលនៅពីលើនៅតែបន្តផ្លាស់ទី ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់បុគ្គលិកជួយសង្គ្រោះ។
ការប្រមូលព័ត៌មាននៅនឹងកន្លែងក៏ត្រូវបានរារាំងផងដែរ ដោយសារការដាច់ទំនាក់ទំនងនៅក្នុងតំបន់ចាក់សំរាម។ យោងតាមអាជ្ញាធរទីក្រុងសេប៊ូបានឱ្យដឹងថា គិតត្រឹមម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦មនុស្សចំនួន ៣៤នាក់នៅតែបាត់ខ្លួន។ យ៉ាងហោចណាស់មានកម្មករចំនួន១២នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែក ហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
មន្ត្រីក្រុងម្នាក់បានព្រមានថា ហានិភ័យនៃការរអិលបាក់ដីបន្ថែមទៀតនៅកន្លែងចាក់សំរាមប៊ីណាលីវ នៅតែមានកម្រិតខ្ពស់ខ្លាំង ជាពិសេសក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ញឹកញាប់នៅក្នុងទីក្រុងសេប៊ូ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





