ឥណ្ឌូណេស៊ីចង់រកឱ្យបានចំណាត់ថ្នាក់លេខបី ក្នុងការប្រកួតកីឡាជនពិការអាស៊ានលើកទី១៣
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី លោក អេរីក ថូហៀ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានចូលរួមពិធីជូនដំណើរក្រុមអត្តពលិកឥណ្ឌូណេស៊ីចំនួន ២៩០នាក់ដែលនឹងទៅចូលរួមប្រកួតកីឡាជនពិការអាស៊ានលើកទី១៣ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ជាមួយនឹងអត្តពលិកដែលនឹងចូលរួមប្រកួត ១៨ប្រភេទកីឡា ឥណ្ឌូណេស៊ីមានគោលដៅដណ្តើមមេដាយមាសឱ្យបាន ៨២មេដាយ និងរកឱ្យបានចំណាត់ថ្នាក់លេខ៣ នៅក្នុងលទ្ធផលនៃការប្រកួតកីឡាជនពិការអាស៊ានលើកទី១៣ នេះ។
លោក ថូហៀ បានសង្កត់ធ្ងន់ថា អត្តលិកពិការឥណ្ឌូណេស៊ីមិនត្រឹមតែចូលរួមប្រកួតដណ្តើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមទទួលខុសត្រូវក្នុងនាមតំណាងឱ្យប្រទេសទាំងមូលផងដែរ។ លោកបាននិយាយថា ការតស៊ូរបស់ពួកគេឆ្លុះបញ្ចាំងពីចរិតលក្ខណៈ ស្មារតី និងសេចក្តីថ្លៃថ្នូររបស់ប្រទេសឥណ្ឌូណេស៊ីនៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តផ្តល់ប្រាក់រង្វាន់ដល់អត្តពលិក ដូចគ្នាទៅនឹងការប្រកួតប្រជែងថ្នាក់អន្តរជាតិពីមុនៗដែរ។ អត្តពលិកដែលទទួលបានមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ ១ប៊ីលានរូពី (៥៩.០០០ដុល្លារអាម៉េរិក) ក្នុងម្នាក់។
លើសពីនេះទៀត ក្រសួងយុវជន និងកីឡា បានដាក់ចេញកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ ដើម្បីជួយដល់អត្តពលិកក្នុងការគ្រប់គ្រងប្រាក់រង្វាន់ និងប្រាក់ចំណូលរបស់ពួកគេប្រកបដោយការទទួលខុសត្រូវ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





